(ព្រះសីហនុ)៖ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់វិនិយោគិនចិន តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានជួយពន្យល់ និងបំភ្លឺ ដើម្បីលុបបំបាត់ការព្រួយបារម្ភ ដែលកើតឡើងដោយសារភាពយន្តចិនមួយនោះរឿង «No More Bet»។

«No More Bet» ភាពយន្តមួយដែលបាន ផ្សព្វផ្សាយ កាលពីប៉ុន្មានខែមុន ដោយមានលក្ខណៈវាយប្រហារដល់សន្តិសុខសុវត្ថិភាព និងការជួញដូរកម្លាំងពលកម្ម នៅប្រទេសមួយចំនួនដូចជា ថៃ ភូមា និងកម្ពុជាជាដើម។ ក្រោយភាពយន្តនេះ ត្រូវបានផ្សព្វផ្សាយ តាមបណ្ដាញអ៉ីនធឺណិត មានជនបរទេសជាច្រើន បានលើកឡើងពីការព្រួយបារម្ភពីសុវត្ថិភាព បើពួកគេធ្វើដំណើរមកកាន់ប្រទេសទាំងនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជាង ១ម៉ឺន ៥ពាន់នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានរំលឹកថា អំឡុងទស្សនកិច្ចផ្លូវការលើកទី២ របស់សម្ដេចទៅកាន់ទីក្រុងប៉េកាំង កាលពីខែតុលាកន្លងទៅនេះ សម្ដេចបានជួបជាមួយនឹង វិនិយោគិនមកពីតំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលពួកគាត់បានជួយបកស្រាយពន្យល់ និងបំភ្លឺដល់មតិមហាជនមួយចំនួន នៅប្រទេសចិន ដែលគាត់ព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានរឿងចិន «No More Bet» និយាយពី អសុវត្ថិភាពនៅក្រុងព្រះសីហនុ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដកស្រង់សម្ដីរបស់វិនិយោគិនទាំងនោះ ពន្យល់ទៅកាន់មតិសាធារណៈ នៅក្រៅប្រទេសថា «គាត់ឡើងនិយាយ គាត់ថា ទេ ! គាត់ធ្វើការនៅហ្នឹងរាល់ថ្ងៃ បុគ្គលិករបស់គាត់មកពីចិនក៏មាន មាននរណាភ័យផងហ្នឹង ហើយគាត់បានទៅប្រាប់គេទៀត»

សម្តេចធិបតីបានថ្លែងអំណរគុណជាថ្មីចំពោះវិនិយោគិនជនជាតិចិនទាំងនោះ ដែលមានជំនឿទុកចិត្តលើប្រទេសកម្ពុជា ហើយបានបន្តជួយយកអាសារការពារកម្ពុជា។ សម្តេចស្នើក៏ឱ្យបន្តបង្កើតការងារ ផ្ដល់ការយកចិត្តទុកដាក់ទៅលើជីវភាព សុវត្ថិភាព និងបរិស្ថានការងារដល់បងប្អូនកម្មករបន្តទៀត។

សម្តេចបានបញ្ជាក់ថា «សូមបន្តជឿទុកចិត្ត និងពង្រីកការវិនិយោគជាបន្ថែមទៀត រដ្ឋាភិបាលនឹងខិតខំជួយ ហើយក៏នឹងខិតខំបន្តទាក់ម៉ូយមកវិនិយោគថែមទៀត»