(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្សព្វផ្សាយសៀវភៅក្រោមចំណងជើង «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច» ជាផ្លូវការ ក្រោមការចូលរួមពីលោកបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា, លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
សៀវភៅក្រោមចំណងជើង «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» ជាស្នាដៃរួមគ្នារវាងធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុន Routledge ដ៏ល្បីលំដាប់ពិភពលោក។
សៀវភៅនេះជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបាន ពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។
ក្នុងអត្ថបទនៃសៀវភៅ ក្រោមចំណងជើង «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» អ្នកនិពន្ធបានរំលេចអំពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានអត្ថបទវិភាគស៊ីជម្រៅ អំពីឥទ្ធិពលនៃចរាចរណ៍ប្រាក់ដុល្លារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធទូទាត់ បាគង ដែលជួយបង្កើនការប្រើប្រាស់ប្រាក់រៀល។
អ្នកនិពន្ធបានបង្ហាញថា ដុល្លារូបនីយកម្មនៅកម្ពុជា ក្លាយជាករណីសិក្សាដ៏សំខាន់ សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រព័ន្ធទូទាត់ បាគង ជាគំរូសម្រាប់កាត់បន្ថយចរាចរណ៍ប្រាក់ដុល្លារ។ លើនេះធនាគារជាតិនៃកម្ពុជា បានបង្ហាញគម្រោងដាក់ឲ្យអនុវត្តសេវាកម្មហិរញ្ញវត្ថុថ្មីៗ ដើម្បីជំរុញសាធារណជនឱ្យប្រើប្រាស់ប្រាក់រៀល កាន់តែទូលំទូលាយផងដែរ។
លោកស្រីបណ្ឌិត ជា សិរី បានរៀបចំដឹកនាំ និងកែសម្រួលខ្លឹមសារ នៃអត្ថបទស្រាវជ្រាវក្នុងសៀវភៅនេះ ដោយសហការជាមួយលោក Okuda Hidenobu សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Hitotsubashi University នៅប្រទេសជប៉ុន។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ដុល្លារូបនីយកម្មបានកើតឡើង ក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀល មានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកល លើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។ ជាការពិតដុល្លារូបនីយកម្ម បានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ»។
លោកស្រីបានបន្ដថា ទោះយ៉ាងណាដុល្លារូបនីយកម្មខ្ពស់ បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ ប៉ុន្តែពេលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុ ដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះ ដែលបណ្តាលឱ្យពឹងផ្អែកលើនយោបាយសារពើពន្ធ។
លោកស្រីបានបន្ដថា បច្ចុប្បន្នស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហរនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានា លើពិភពលោកបានពឹងផ្អែកកាន់តែច្រើន លើនយោបាយរូបិយវត្ថុ ដើម្បីស្តារកំណើនសេដ្ឋកិច្ច។
លោក Kazumasa Sanui ប្រធានតំណាង JICA ប្រចាំកម្ពុជា បានថ្លែងថា ក្រៅពីគម្រោងសិក្សាស្រាវជ្រាវរួមគ្នា JICA កំពុងធ្វើការលើគម្រោងបច្ចេកទេសថ្មីៗផ្សេងៗទៀត ជាមួយធនាគារជាតិនៃកម្ពុជា សំដៅពង្រឹងសមត្ថភាពវិភាគ ស្រាវជ្រាវ និងប្រតិបត្តិការសេដ្ឋកិច្ច សម្រាប់គោលនយោបាយរូបិយវត្ថុ។
លោកបានថ្លែងបន្ដថា «ខ្ញុំមានទំនុកចិត្តថា សៀវភៅនេះនឹងផ្តល់គុណប្រយោជន៍យ៉ាងច្រើន ដល់អ្នកអានដូចជា អ្នកតាក់តែងគោលនយោបាយ អ្នកស្រាវជ្រាវ និងសិស្ស-និស្សិត ដែលធ្វើការពាក់ព័ន្ធនឹងដុល្លារូបនីយកម្ម និងសេដ្ឋកិច្ច»។
ខ្លឹមសារនៃអត្ថបទក្នុងសៀវភៅនេះ បានផ្តល់សារៈសំខាន់ សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍ និងស្ថានភាពបច្ចុប្បន្ន នៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗ គាំទ្រកំណើនសេដ្ឋកិច្ច៕