(ភ្នំពេញ)៖ សកម្មជនក្រុមប្រឆាំងដ៏ចំណាស់ម្នាក់ គឺលោកស្រី សេង អ៊ាង ពេលនេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីភ្ញាក់រលឹកពីការចាញ់បោក ទណ្ឌិត សម រង្ស៉ី អស់ជាច្រើនទសវត្ស ដោយខាតបង់ថវិកាអស់ជាច្រើន។
តាមរយៈវីដេអូមួួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺអតីតគណបក្សសង្រ្គោះជាតិរូបនេះ បានស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកស្រី បានរៀបរាប់ថា ពេលនេះ លោកស្រីបានដឹងច្បាស់ថា គណបក្សសង្គ្រោះជាតិ ជាគណបក្សកុហក បោកបញ្ឆោត ភូតភរ ប្រជាពលរដ្ឋ ហើយនាំប្រជាពលរដ្ឋដើរផ្លូវខុស ហើយពេលនេះលោកស្រីដឹងខ្លួនហើយ ដោយសារតែធ្លាប់ខាតបង់ថវិកា ក្នុងការជួយបក្សនេះធ្វើបាតុកម្ម និងទិញម្ហូបអាហារផ្សេងៗ រួមទាំងលុយកសាងស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យថែមទៀត។ ដូច្នេះលោកស្រី អះអាងថា ទណ្ឌិត សម រង្ស៉ី ជាមេដឹកនាំអតីតបក្សនេះ ជាមនុស្សខូច ក្រឡេចក្រឡុច។
លោកស្រីបានបន្តថា ពេលនេះលោកស្រីបានមកដល់ប្រទេសកម្ពុជាវិញ ហើយគ្រាន់តែចុះពីលើយន្តហោះភ្លាម លោកស្រីបានមើលឃើញអំពីការអភិវឌ្ឍជាក់ស្តែងរបស់ប្រទេសកម្ពុជា ដោយមានលក្ខណៈល្អស្អាត មានសោភ័ណភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ មិនដូចការបរិហាររបស់ទណ្ឌិត សម រង្ស៉ី នៅក្រៅប្រទេសទាល់តែសោះ។
តាមរយៈវីដេអូនេះ លោកស្រីក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានសុំទោសចំពោះសម្តេចតេជោ ដែលកន្លងមកលោកស្រី បានដើរផ្លូវខុស៕
ខាងក្រោមនេះជាវីដេអូអតីតសកម្មជនក្រុមប្រឆាំង៖