(ភ្នំពេញ)៖ លោកស្រី សេង អៀង ដែលពីមុនជាសមាជិកក្រុមទ្រទ្រង់អតីតគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង និងក្រោយមកជាសកម្មជនគណបក្សភ្លើងទៀនផងនោះ បានដាក់លិខិតស្នើសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមលិខិតរបស់លោកស្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ការស្នើសុំចូលរួមជីវភាពថ្មីជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺដោយសារលោកស្រី សេង អៀង មើលឃើញពីការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រទេសកន្លងមក។
លោកស្រី សេង អៀង បានរៀបរាប់ថា «កន្លងមកនាងខ្ញុំបានចាញ់ឧបាយកលមេដឹកនាំគណបក្សភ្លើងទៀន ដោយមិនបានស្វែងយល់ និងពិចារណាគ្រប់ជ្រុងជ្រោយជឿតាមការញុះញង់ អូសទាញ បោកបញ្ឆោត ប្រើប្រាស់នាងខ្ញុំជាឈ្នាន់នយោបាយជាមួយក្រុមការងារគណបក្សភ្លើងទៀន ដោយមិនបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ»។
លោកស្រីបានបន្តទៀតថា «ក្រោយពីបានតាមដានយ៉ាងយកចិត្តទុកដាក់អំពីការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើមបានដឹកនាំប្រទេសកម្ពុជា និងបានរំដោះប្រជាពលរដ្ឋខ្មែរឱ្យ រស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយខិតខំកសាង ប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ និងមិនបោះបង់ចោលប្រជាពលរដ្ឋឡើយ។ កត្តាទាំងនេះហើយដែលធ្វើឱ្យ នាងខ្ញុំ វាយតម្លៃខ្ពស់ថា មានតែ គណបក្សប្រជាជនកម្ពុជានោះទេ ដែលមានឧត្តមគតិត្រឹមត្រូវ និងមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិមាតុភូមិ។ ដូច្នេះហើយ នាងខ្ញុំ សូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស ប្រជាជនកម្ពុជា»៕