(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ១គ្រឿង បានសម្រេចពីស្ត្រីជនរងគ្រោះកំពុងដើរចុចទូរស័ព្ទតាមដងផ្លូវ ហើយរត់គេចខ្លួនបាត់ស្រម៉ោលកាលពីជាង ២ខែមុន ពេលនេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមស្រាវជ្រាវឃាត់ខ្លួនបានម្នាក់ ខណៈបក្ខពួក២នាក់ទៀត កំពុងបន្តរត់គេចខ្លួន។

លោកវរសេនីយ៍ទោ ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ការតាមចាប់ជនសង្ស័យរូបនេះ បានធ្វើឡើងក្រោមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ព្រមទាំងក្រោមការឯកភាពពីតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ថា ជនសង្ស័យរូបនេះ ក្នុងចំណោមបក្ខពួក៣នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ នៅចំណុចខាងមុខផ្ទះជួលមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ១១៖០០នាទីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកវរសេនីយ៍ទោ ម៉ម សាវន បានបញ្ជាក់ទៀតថា ជនសង្ស័យមានឈ្មោះ នេត សាម៉ន អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥២៨ ផ្លូវលេខ១២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះនរងគ្រោះឈ្មោះ លី ស្រីមុំ អាយុ៣០ឆ្នាំ មុខរបរតារាសម្តែង ស្នាក់នៅផ្ទះលេខ១៦៨ ផ្លូវលំ ភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្រាប់សម្ភារដែលជនរងគ្រោះបាត់បង់គឺទូរសព្ទ័ដៃ១គ្រឿងម៉ាក VIVO។

ជនសង្ស័យឈ្មោះ នេត សាម៉ន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០៖៤០នាទី រូបគេ និងបក្ខពួកសរុប៣នាក់មានឈ្មោះ ចាន់ សុខពៅ ហៅពៅម៉ាប់ អាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូម្នាក់ឯងម៉ាកយ៉ាម៉ាហាអ៊ិចសាយទ័រ ពណ៌ខៀវមិនចាំផ្លាកលេខ និងម្នាក់ទៀតឈ្មោះ សី អាយុប្រហែល៣២ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស មិនចាំផ្លាកលេខ ហើយបានឌុបខ្លួន ទៅធ្វើសកម្មភាពឆក់ ដោយចេញពីម្តុំមន្ទីរពេទ្យមេគង្គ តាមបណ្ដោយផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់វេលាម៉ោងកើតហេតុ ក៏បានឃើញមនុស្សប្រុសស្រី២នាក់ កំពុងដើរតាមបណ្តោយផ្លូវលេខ៣១០ ហើយចុចទូរសព្ទ័បណ្ដើរម៉ាក VIVO ទើបបណ្ដាលឲ្យជនសង្ស័យឈ្មោះ សី បើកម៉ូតូចូលទៅជិត ដើម្បីផ្ដល់ឱកាសឲ្យរូបគេ (នេត សាម៉ន) ដែលអង្គុយខាងក្រោយធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីជនរងគ្រោះបានសម្រេចភ្លាមៗ រួចបើកម៉ូតូគេចខ្លួនបាត់តែម្ដង៕