(ព្រះវិហារ)៖ ប្រជាពលរដ្ឋដែលជាអតីតសមាជិកគណបក្សភ្លើងទៀន ដែលរស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចំនួន១៤គ្រួសារ បានស្ម័គ្រចិត្តមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ពិធីសំណេះសំណាលទទួលបងប្អូនអតីតសមាជិកគណបក្សភ្លើងទៀតនាពេលនេះ ស្ថិតក្រោមវត្តមានលោក គួង ឡូ អនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានស្រុកត្បែងមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំព្រះឃ្លាំង និងលោក នុត សោភ័ណ្ឌ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកត្បែងមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សស្រុក គណបក្សឃុំ និងក្រុមការងារចុះជួយឃុំព្រះឃ្លាំងជាច្រើនរូបទៀត។
ស្ថិតក្នុងបរិយាកាសនៃការជួបជុំគ្នាដោយក្តីសប្បាយរីករាយ ក្នុងនាមមហាគ្រួសារខ្មែរតែមួយទាំងលោក គួង ឡូ និងលោក នុត សោភ័ណ្ឌ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងរំភើបរីករាយ ដែលប្រជាពលរដ្ឋទាំង១៤គ្រួសារ ដែលជាអតីតសមាជិកគណបក្សភ្លើងទៀន បានស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត ជាទិសដៅរួមគឺតម្កល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ស្វាគមន៍ពីគ្រប់ភាគីពាក់ព័ន្ធ គណបក្សនយោបាយផ្សេង និងប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ដើម្បីរួមរស់ជាមួយគ្នា រួមគ្នាអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន ប្រកបដោយសុខសន្តិភាព។
លោកបានបញ្ជាក់ថា ដូច្នេះវត្តមានរបស់អតីតសមាជិកគណបក្សភ្លើងទៀនទាំង១៤គ្រួសារ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជាកាន់តែមានប្រៀបខ្លាំង ក្នុងការដណ្តើមជោគជ័យការបោះឆ្នោតអាណត្តិក្រោយៗ ជូនគណបក្សប្រជាជនកម្ពុជា។
លោក គួង ឡូ និងលោក នុត សោភ័ណ្ឌ ក៏បានចែកជូននូវអំណោយ សម្ភារ មួយចំនួនដល់បងប្អូនជាអនុស្សាវរីយ៍កំដរដៃ នៃការជួបជុំគ្នាជាលើកដំបូងផងដែរ៕