(កំពង់ឆ្នាំង)៖​ យុវតីម្នាក់មានដំបៅលើដើមទ្រូង ១៤ឆ្នាំមកហើយ ព្យាបាលមិនជាសង្ស័យដំបៅមហារីក ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ​ និងរស់នៅក្នុងគ្រួសារក្រីក្រ​ គ្មានលទ្ធភាពព្យាបាល​ បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល​ និងសប្បុរសជនមេត្តាជួយសង្គ្រោះដល់រូបនាង​ ដោយសារគ្រួសារនាងក្រីក្រ​ មិនមានលទ្ធភាពក្នុងការបង់ថ្លៃសេវាព្យាបាលនោះឡើយ។

ព្រោះតែក្រុមគ្រួសារនាងមានជីវភាពខ្វះខាតទើបនាង និងក្រុមគ្រួសារសំណូមពរដល់ថ្នាក់ដឹកនាំ​ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល មេត្តាជួយអនុគ្រោះថ្លៃព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីព្យាបាលឱ្យបានជានិងបន្តការសិក្សា។

យុវតីខាងលឿនឈ្មោះ ជា ធីតា អាយុ២០ឆ្នាំ​ អតីតសិស្សថ្នាក់ទី១២ ជាកូនស្រីពៅគេក្នុងចំណោមបងប្អូនបង្កើត​១២នាក់ មានទីលំនៅក្នុងភូមិអណ្ដូងជ្រៃ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឪពុករបស់នាងជាអតីតយុទ្ធជនពិកា ម្ដាយបានស្លាប់ចោលនាង​១១ឆ្នាំមកហើយ។

នាងបានប្រាប់ឲ្យដឹងថា ដំបៅលើខ្លួនរបស់នាងនេះដំបូងឡើយនាងបានរលាកទឹកក្តៅនៅលើដើមទ្រូងតាំងពីអាយុ៦ឆ្នាំ តែដំបៅនេះចេះតែក្លាយធំឡើងៗព្យាបាលមិនជារហូ តដល់បច្ចុប្បន្ននេះ។​ កន្លងមកបងប្អូននាង បានជូនរូបនាងទៅពិនិត្យ​ និងព្យាបាលនៅតាមគ្លីនិកឯកជនជាច្រើននៅក្នុងខេត្ត និងមន្ទីរពេទ្យរដ្ឋជាច្រើនកន្លែង រួមមាន៖ មន្ទីរពេទ្យអង្គឌួង, មន្ទីរពេទ្យព្រះសង្ឃ, មន្ទីរពេទ្យរុស្ស៊ី, មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែដំបៅនៅលើដើមទ្រូង របស់នាងគ្រាន់តែបានថមថយមួយរយៈមិនបានជាសះស្បើយនោះឡើយ។ ដែលមន្ទីរពេទ្យខ្លះថា ដំបៅនាងជាដំបៅមហារីក ហើយឥឡូវបានរាលដាលមកទងត្រចៀកខាងស្ដាំថែមទៀត ដោយមានអាការៈពើតចុកចាប់ ជារៀងរាល់ថ្ងៃធ្វើឱ្យពិបាកទ្រាំ។

ទាក់ទងនឹងសំណូមពរខាងលើនេះនឹងដោយមានការណែនាំពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ក្រុមសកម្មជនយុវជនគណបក្សបាននាំរូបនាង ទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីស្នើសុំឲ្យក្រុមគ្រូពេទ្យជំនាញបច្ចេក ទេសដំបៅមហារីកជួយពិនិត្យ និងវាយតម្លៃស្ថានភាពនៃជំងឺរបស់នាងថាតើជាជំងឺអ្វីពិតប្រាកដ។

លោកវិជ្ជបណ្ឌិត យៀប គង់ គ្រូពេទ្យឯកទេសជំងឺមហារីកក្រោយពីបានត្រួតពិនិត្យដំបៅរបស់នាង និងធ្វើអេកូសាស្ត្រ ពិនិត្យផងនោះនៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពដំបៅនៅលើដើមទ្រូង របស់អ្នកជំងឺជាទូទៅមានស្ថានភាពល្អ។ គ្រូពេទ្យក៏បានណែនាំឱ្យនាងបន្តទៅពិនិត្យព្យាបាលដំបៅនេះ នៅមន្ទីរពេទ្យខ្មែរសូវៀត ផ្នែកឯកទេសជំងឺដំបៅមហារីក គឺទៅជួបលោកវេជ្ជៈបណ្ឌិត អៀ ភារម្យ នៅអគារវះកាត់ C ដែលលោកមានឯកទេសច្បាស់លាស់អាចពិនិត្យព្យាបាលដំបៅនេះបាន។

បន្ទាប់ពីទទួលបានការណែនាំរបស់លោកគ្រូពេទ្យជំនាញខាងលើនេះ យុវតី ជា ធីតា និងក្រុមគ្រួសារគោរពស្នើសុំ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសម្ដេច ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មេត្តាជួយឧបត្ថម្ភថ្លៃសេវាព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជូននាងដោយក្តីអនុគ្រោះផង​ ដើម្បីផ្ដល់ឱកាសដល់រូបនាងបានបន្តការសិក្សាសម្រាប់អនាគតរបស់នាង និងក្រុមគ្រួសារជាបន្តទៀត។

ទាក់ទងនឹងករណីនេះដែរ លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោកបានជួយឧបត្ថម្ភថវិកាចំនួន​ ១លានរៀលដល់យុវតី ជា ធីតា ដើម្បីជាសោហ៊ុយធ្វើដំណើរ និងស្នាក់នៅព្យាបា លជំងឺនៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងក្រុងភ្នំពេញ បើមានការខ្វះ ខាតលោកនិងបន្តជួយឧបត្ថម្ភថែមទៀត។

នៅព្រឹកថ្ងៃទី០៦ ខែធ្នូនេះដែរ លោកអភិបាលខេត្ត ក៏បានចាត់ឲ្យលោក យិន សាវ៉េន អភិបាលរងខេត្ត ដឹកនាំក្រុម ការងារចុះសួរសុខទុក្ខនាង រួមទាំងក្រុមគ្រួសាររបស់នាង និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់សប្បុរសជន មួយចំនួនឧបត្ថម្ភជូនគ្រួសាររបស់នាងផងដែរ។ដោយឡែកមន្ទីរសង្គមកិច្ចអតីតយុទ្ធ ជន និងយុវនីតិសម្បទាខេត្ត ក៏បានឧបត្ថម្ភរទេះរុញ១គ្រឿងសម្រាប់បងស្រីបង្កើតរបស់នាងដែលស្វិត ជើងទាំងពីរដើរមិនរួច និងឈើច្រត់មួយគូរសម្រាប់ឪពុករបស់នាងដែលមានអាការៈស្ពឹកជើងទាំងសងខាងដើរមិនរួច៕