(បាត់ដំបង)៖ សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានសហការជាមួយបណ្ដាញកសិអេកូឡូស៊ី (ALiSEA) បង្កើនការផ្សព្វផ្សាយការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ដែលជាបច្ចេកទេស​នៃការធ្វើកសិកម្មថ្មីមួយ ​ជួយឱ្យកសិករទទួលបានផលចំណេញ ហើយនៅតែរក្សាដីឱ្យមានសុខភាពល្អដដែល​ ខណៈការសិក្សាស្រាវជ្រាវបានរកឃើញថា ការហូរច្រោះដី និងការបាត់បង់ជីវជាតិដី ​ធ្វើឱ្យកម្ពុជាប្រឈមនឹងការបាត់បង់ថវិកាប្រមាណ ៧០០លានដុល្លារក្នុងមួយឆ្នាំៗ​។

លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់ កាស៊ីក​ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ​កសិករដែលអនុវត្តការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនៅកម្ពុជា មានចំនួនតិចនៅឡើយ ហេតុនេះហើយទើបអ្នកជំនាញ ណែនាំឱ្យកសិករ​ផ្លាស់ប្តូរការធ្វើកសិកម្មតាមទម្លាប់ចាស់ ងាកមក​ធ្វើកសិកម្មតាមទម្លាប់ថ្មី ដើម្បីធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញ ពីការធ្វើរបរមួយនេះ។

លោក ឱម គឹមស៊ា គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅ​ដំណើរទស្សនកិច្ច​ នៅកាន់សមាគមនិរន្តរភាពដី ដើម្បីជីវិត ដែលជាសមាជិកនៃបណ្ដាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

លោកបន្តថា ថ្វីត្បិត​តែការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ជួយដល់សុខភាពដី​ ធ្វើឱ្យដីមានគុណភាណ និងនិរន្តភាពយូរអង្វែងក៏ដោយ ប៉ុន្តែការជំរុញឱ្យកសិករងាកមកប្រើប្រាស់បច្ចេកទេសថ្មី មិនមែជារឿងងាយស្រួលនោះទេ ទាល់មានការបង្ហាញថា ការធ្វើកសិកម្មបែបថ្មី ទទួលបានផលចំណេញ នោះទើបកសិករងាកមកអនុវត្តតាម។ ហេតុដូច្នេះហើយបានជាក្រសួងកសិកម្ម សហការជាមួយអង្គការសង្គមស៊ីវិល បាននិងកំពុងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីធ្វើការប្រៀបធៀប រវាងការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ី ​និងការធ្វើកសិកម្មតាមទម្លាប់ចាស់ ថាមួយណាទទួលបានផលចំណេញជាង។ ​

លោកបន្ថែមថា «យើងកំពុងប្រឹងប្រែងប្រៀបធៀបឱ្យឃើញការពិត ជាពិសេស គឺខាងប្រសិទ្ធភាពសេដ្ឋកិច្ចតែម្តង។ ទាល់តែឃើញថា​ ប្រសិទ្ធភាពសេដ្ឋកិច្ច វាមានប្រសិទ្ធភាពល្អជាងការធ្វើកសិកម្មបែបប្រពៃណី បានយើងឈានទៅអូសទាញគាត់ឱ្យចូលរួមបាន បើសិនជាប្រសិទ្ធភាពសេដ្ឋកិច្ចខ្សោយជាង ការធ្វើកសិកម្មបែបប្រពៃណី យើងអត់ហ៊ានចាប់ផ្តើមទេ»

​មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ ​បានឱ្យដឹងថា កាស៊ីក​បានបង្កើតឡើងកាលពីឆ្នាំ២០២០ ​ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី តាមគោលការណ៍ចំនួន៣ គឺទី១.ការធ្វើកសិកម្មដោយកាត់បន្ថយការរំខានដី តាមរយៈការកាត់បន្ថយការភ្ជួររាស់ដី ឬការមិនធ្វើឱ្យ​មានការរបើកដី និងការហូរច្រោះដី។ ទី២. ការដាំដំណាំ​គម្របដី ​ដើម្បីរក្សាទឹកនៅក្នុងដី បង្កើនជី​ និងជាលំនៅសម្រាប់ជីវចម្រុះ​ និងទី៣. ការដាំដំណាំឆ្លាស់។

​បច្ចុប្បន្ននេះ មានកសិករប្រមាណ ១០ខេត្ត ដែលបានចូលរួមអនុវត្តការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី​ ដែលមាននៅ ខេត្តបាត់ដំបង កណ្តាល កំ​ពង់ស្ពឺ ​ព្រះវិហារ សៀមរាប កំពង់ធំ ក្រចេះ ត្បូងឃ្មុំ និងមណ្ឌលគិរីជាដើម។​

លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការប្រតិបត្តិ កាស៊ីក បានលើកឡើងថា តាមលទ្ធផលនៃការស្រាវជ្រាវ ក្នុងមួយឆ្នាំៗកម្ពុជា​ប្រឈមនឹងការបាត់បង់ថវិកាប្រមាណពី ៦០០ទៅ៧០០លានដុល្លារ ដោយសារការហូរច្រោះដី ដែលបណ្តាលឱ្យបាត់បង់ជីវជាតិ។ លោកថា ការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ គឺជាដំណោះស្រាយដ៏ល្អមួយ​ ហេតុនេះហើយទើបលោកលើកទឹកចិត្ត ដល់កសិករទូទាំងប្រទេស គួរងាកមកធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីនេះ។

លោកបន្តថា «យើងយល់ថាបច្ចេកទេសនេះ យើងអាចជួយកសិករឱ្យគាត់ឃើញគាត់ចូលរួម ប៉ុន្តែការសម្រេចចិត្ត គឺជារឿងសំខាន់។ យើងមិនមែនជាអ្នកសម្រេចចិត្តជំនួសគាត់ទេ ប៉ុន្តែបើគាត់យល់ឃើញថា ធ្វើបែបហ្នឹងគាត់ទទួលបានផលចំណេញ ហើយដីគាត់កាន់តែល្អ គាត់នឹងធ្វើ»

​លោក ប៉ាត សុវណ្ណ​ អ្នកសម្របសម្រួលបណ្ដាញ ALiSEA នៅកម្ពុជា បានឱ្យដឹងថា បណ្តាញ ALiSEA ដែលមានសមាជិកជាង៧០ស្ថាប័ន បានសហការជាមួយកាស៊ីក ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ីនៅកម្ពុជា។

លោកលើកឡើងថា កាស៊ីក ជាយន្ដការថ្នាក់ជាតិមួយ ដែលត្រូវបានបង្កើតឡើងជា ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​និងមានការចូលរួមសហការពីអន្តរក្រសួង និងវិស័យឯកជន ដើម្បីគាំទ្រដល់ការធ្វើកសិកម្ម តាមបែបកសិអេកូឡូស៊ី ​ដូច្នេះការចូលរួមពីបណ្តាញ ALiSEA នឹងរួមចំណែក ធ្វើឱ្យយន្តការនេះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត តាមរយៈការផលិតនូវចំណេះដឹងថ្មីៗ ចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ​​ដែលធ្វើឱ្យប្រព័ន្ធផលិតកម្ម នៅកម្ពុជាមាននិរន្តភាពជាងមុន អាហារកាន់តែមានសុវត្ថិភាពដល់បរិភោគ និងបរិស្ថានល្អ​៕