(ព្រៃវែង)៖ លោក ហ៉ី សុខជា អតីតប្រធានយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រៃវែង តាមរយៈវីដេអូមួយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីបានមានឱកាសចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតប្រធានយុវជនរូបនេះ បានអះអាងថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីបក្សមួយនេះ ក្រោយមើលឃើញពីទង្វើទុច្ចរិតរបស់មេដឹកនាំបក្សប្រឆាំងដែលតែងតែបង្គាប់បញ្ជា តាំងពីជំនាន់អតីតគណបក្សសង្គ្រោះជាតិ រហូតដល់គណបក្សភ្លើងទៀន ដើម្បីប្រឆាំងជាមួយរាជរដ្ឋាភិបាល។
លោកបន្ថែមថា រយៈពេលជាង១០ឆ្នាំ ដែលលោកដើរតាមគន្លងគណបក្សប្រឆាំងនេះមិនបានផ្ដល់ឱកាសឲ្យលោកអភិវឌ្ឍន៍ខ្លួនរីកចម្រើននោះទេ ពោលមានតែបំផ្លាញសុខសន្ដិភាព ដែលស្វែងមកដោយលំបាករបស់ រាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន។
លោក ហ៉ី សុខជា បានបញ្ជាក់ថា «ខ្ញុំសូមប្រកាសថ្ងៃនេះថា ខ្ញុំចាកចេញពីបក្សប្រឆាំងទាំងការគាំទ្រ ទាំងការចូលរួមសកម្មភាពនានា គឺខ្ញុំសូមផ្ដាច់ខ្លួនឈប់ជឿជាមួយមេដឹកនាំបក្សប្រឆាំងទៀតហើយ ដែលតែងបញ្ជាពីក្រៅ ប្រទេសដើម្បីធ្វើនេះធ្វើនោះប្រឆាំងរាជរដ្ឋាភិបាល រហូតធ្វើឲ្យខ្លួនឯងមានបញ្ហាផ្លូវច្បាប់ ហេតុដូច្នេះហើយ ខ្ញុំមានតែសូមគោរព សម្ដេចទាំងពីរដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដើម្បីឲ្យខ្ញុំមានឱកាសចូលរួម ចំណែកក្នុងការការពារសុខសន្ដិភាព ជាមួយរាជរដ្ឋាភិបាល»។
ចាកចេញតែខ្លួនឯងមិនអស់ចិត្តនោះទេ លោក ហ៉ី សុខជា បានផ្ញើសារអំពាវនាវដល់សកម្មជនដែលតែងតែគាំទ្រគណបក្សប្រឆាំងទាំងអស់ សូមបញ្ឈប់ការជឿលង់តាមការបង្គាប់បញ្ជាពីសំណាក់មេដឹកនាំទាំងអស់នោះ ដែលនាំឲ្យខ្លួនឯងមានបញ្ហាតាមផ្លូវច្បាប់៕