(ភ្នំពេញ)៖ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយកម្ពុជា បានថ្លែងអំណរព្រះរាជគុណក្រុមហ៊ុន Nokia Cambodia ដែលបានចូលរួមបរិច្ចាគថវិកា និងសំភារៈមួយចំនួន សម្រាប់ផ្គត់ផ្គង់សិស្សដែលកំពុងគង់ និងសិក្សានៅវត្តវត្តបទុមវតីរាជវរារាម។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានមានព្រេះរាជបន្ទូលថា នេះជាលើកទី១ហើយដែល Nokia Cambodia បានចូលរួមបរិច្ចាគថវិកា និងសំភារៈមួយចំនួន ដែលទាំងនេះ គឺជាបុណ្យកុសលកើតចេញ ពីសទ្ធាជ្រះថារបស់ញាតិញម។ សម្រាប់ថវិការព្រមទាំងសំភារៈទាំងនេះ គឺយកមកដើម្បីផ្គត់ផ្គង់ដល់សាមណសិស្សសាមណេរដែលកំពុងត្រូវការជាចាំបាច់។ សម្រាប់សម្តេចផ្ទាល់ ពិតជាមានសេចក្តីសប្បាយចិត្តជាពន់ពេក។
លោក Jean-Christophe Gaucher ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន Nokia Cambodia ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Nokia បានរៀបចំកម្មវិធីនេះ ក្នុងគោលបំណងជួយដល់ថ្លៃសិក្សាដល់ព្រះសង្ឃ សាមណេរ ពិសេសនេនតូចៗ ដើម្បីរៀនសូត្រក្រៅម៉ោង ហើយចំណែកមួយទៀតរបស់បុគ្គលិក គឺយើងបានចូលរួមជា ប៊ិច សៀវភៅព្រមទាំងថវិកាមួយចំនួន ដើ្បម្បីជួយបង់ថ្លៃសិក្សាជូនសិស្ស។
លោកបានបន្តថា សកម្មភាពរបស់ក្រុមហ៊ុននេះ ក៏ដើម្បីចូលរួមជាមួយសង្គម ព្រោះបើយើងនៅប្រទេសណា គឺយើងជួយប្រទេសនោះ រួមទាំងចូលរួមឲ្យសង្គមមានភាពរីកចំរើន។ ជាមួយគ្គ្នានេះ លោកក៏បានគោរពថ្លែងអរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំប្រទេសនាំមកនូវសុខសន្តិភាព និងបានជួយឱ្យវិស័យអប់រំ មានការរីកចំរើន មិនថា សាលារដ្ឋ និងឯកជន ដែលបានផ្តល់ឱកាស ឱ្យសិស្សានុសិស្សមានឱកាស បានសិក្សារៀនសូត្រ រហូតអាចចូលរួមប្រកួតប្រែងជាមួយបរទេសផងដែរ៕