(សេអ៊ូល)៖ យោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៥នេះបានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងផ្តល់ប្រាក់ចំនួន ៣៨ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ជាប្រាក់សំណងសម្រាប់សិស្សម្នាក់ៗ ដោយក្នុងនោះមាន២៥០នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់លិចកប៉ាល់ កាលពីឆ្នាំ២០១៤កន្លងទៅ ដោយនេះគឺជាដំណោះស្រាយដំបូង ដែលបានផ្តល់ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ។

ចំណែកឯក្រុមគ្រួសាររបស់គ្រូបង្រៀន ១១នាក់ ដែលបានស្លាប់នៅក្នុងគ្រោះថ្នាក់ ដោយក្នុងម្នាក់ៗនឹងទទួលបានប្រាក់ជាង ៦៩ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ខណៈអ្នកធ្វើដំណើរដទៃទៀត នឹងទទួលបានប្រាក់ចម្លោះពី ១៣ម៉ឺនសហរដ្ឋអាម៉េរិក រហូតដល់ជាង ៥៤ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក នេះបើតាមមន្រ្តីកូរ៉េខាងត្បូងបានឲ្យដឹងយ៉ាងដូច្នេះ។

សូមជម្រាប ជាង២ភាគ៣ នៃអ្នកធ្វើដំណើរចំនួន ៤៧៦នាក់ នៅលើសាឡាង Sewol ដែលលិចនោះ ជាសិស្សដែលធ្វើដំណើរទៅចុះកម្មសិក្សា ដោយជាច្រើននាក់នៃពួកគេបានស្លាប់ជាប់ក្នុងសាឡាង បន្ទាប់ពីសហសេវិកសាឡាងបានបញ្ជា ឲ្យពួកគេរក្សាភាពស្ងៀមស្ងាត់នៅក្នុងសាឡាង ខណៈវាកំពុងលិច កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤៕

www.freshnewsasia.com