(បាត់ដំបង)៖ លោក សេង ឆេង អតីតទីប្រឹក្សាគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបង បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះ បន្ទាប់ពីលោក សេង ឆេង អស់សង្ឃឹមលើការដឹកនាំគណបក្សប្រឆាំង ដែលខ្វះការរួបរួមគ្នា ហើយបែកបាក់ផ្ទៃក្នុងកាន់តែខ្លាំង។
ក្នុងសារវីដេអូសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយ លោក សេង ឆេង បានគូសរំលេចថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានការរួបរួមគ្នាល្អ ហើយបានកសាងសមិទ្ធផលជាច្រើនសម្រាប់ជាតិ។
លោក សេង ឆេង បង្ហាញការសោកស្តាយចំពោះការដើរផ្លូវខុសរបស់លោក ដោយជឿលើគណបក្សប្រឆាំងនាពេលកន្លងមក។
ទន្ទឹមនឹងការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក សេង ឆេង បានអំពាវនាវដល់សមាជិក សមាជិការបស់គណបក្សប្រឆាំង ឱ្យភ្ញាក់រលឹកឈប់ជឿតាមបក្សប្រឆាំង ព្រោះបក្សប្រឆាំងមិនបានធ្វើសកម្មភាពជាប្រយោជន៍សម្រាប់សង្គមជាតិនោះឡើយ។ លើសពីនេះ បក្សប្រឆាំងកំពុងតែបែកបាក់ខ្វះសាមគ្គីភាព មិនអាចធ្វើសកម្មភាពបម្រើប្រយោជន៍សង្គមជាតិបាននោះឡើយ។
អតីតអ្នកគាំទ្របក្សប្រឆាំងរូបនេះ បានអំពាវនាវដល់សមាជិកបក្សប្រឆាំងទាំងអស់ រួមគ្នាគាំទ្របក្សប្រជាជនកម្ពុជា ព្រោះមានតែបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលបានយកចិត្តទុកដាក់ចំពោះជាតិ ហើយខិតខំកសាងសមិទ្ធផលនានាសម្រាប់ជាតិ៕