(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឲ្យក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកំសាន្តសប្បាយឱ្យបានច្រើន សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ២០២៤ ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសកល (Countdown)។

បន្ថែមពីនេះសូមលើកទឹកចិត្ត ឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតីបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្របពេលដែលព្រឹត្តិការណ៍ចូលឆ្នាំសាកលឆ្នាំ២០២៣ ឆ្នាំ២០២៤ កាន់តែខិតជិតចូលមកដល់ក្នុងរយៈពេល៤ថ្ងៃខាងមុខនេះ សូមផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១៖ រដ្ឋាបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋាបាលខេត្តនានា ត្រូវបន្ដពង្រឹងការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវពង្រឹងការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញចំណាត់ការ ទប់ស្កាត់បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពនូវរាល់សកម្មភាព ប៉ុនប៉ងបង្ករឲ្យមានចលាចល និងអសន្ដិសុខក្នុងសង្គម ពិសេសអំឡុងពេលព្រឹត្តិការណ៍ចូលឆ្នាំសកលឆ្នាំ២០២៣-២០២៤ខាងមុខ។ បន្ថែមពីនេះត្រូវយកចិត្តទុកដាក់ ការពារសន្ដិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងអន្ដរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យមានភាពសប្បាយរីករាយ។

ទី២៖ ក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋាបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អទីតាំងសប្បាយឲ្យបានច្រើនជម្រើស ដើម្បីបម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ក្នុងឱកាសអបអរសារទរឆ្នាំសកល ឆ្នាំ២០២៣ ឆ្នាំ២០២៤ ពិសេសទីតាំងរាប់ថយក្រោយនៃការឆ្លងឆ្នាំសកល (Countdown)។

ចំពោះទីតាំងរាប់ថយក្រោយនៃការឆ្លងឆ្នាំសកលនេះ (Countdown) សូមលើកទឹកចិត្តឲ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្ដី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និងជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុកឲ្យបាន។

ទី៣៖ ក្រសួងទេសចរណ៍ និងគណៈកម្មាការជាតិវាយតម្លៃទីក្រុងស្អាត ត្រូវបន្ដរៀបចំកម្មវិធីប្រកួតប្រជែងទីក្រុង ដោយមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ ដោយត្រូវពិនិត្យ និងវាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជាសន្ដិសុខ សុវត្ថិភាព អនាម័យបរិស្ថាន ការតុបតែងលម្អ ជម្រើសនៃការកំសាន្ដទីតាំងសប្បាយភាព ភាពពេញចិត្ត ភាពសប្បាយរីករាយរបស់ភ្ញៀវទេសចរ ព្រោះនេះជាផ្នែកមួយនៃការលើកកម្ពស់វិស័យទេសចរណ៍ជាតិរបស់យើង។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា «ខ្ញុំតែងតែប្រាប់បងប្អូនប្រជាជនជាច្រើន ជាពិសេសមិត្តបរទេសតែងតែមានសំណួរថា ហេតុអ្វីបានជាសក់របស់ខ្ញុំស្កូវ ដោយសារតែនៅកម្ពុជាក្នុងមួយឆ្នាំខ្ញុំបានចូលឆ្នាំច្រើនដង ដោយមានពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំសកល និងពិធីបុណ្យចូលឆ្នាំខ្មែរ-ឥស្លាម (រ៉ាមដាន) ខ្ញុំចូលរួមអបអរសារទរ»