(ភ្នំពេញ)៖ ករណីរថយន្ដ Hammer បុកមនុស្សស្លាប់២នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ រថយន្ដត្រូវបានសមត្ថកិច្ចរកឃើញហើយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ និងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកចាប់ខ្លួនអ្នកបើកបរមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែធ្នូនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា «ករណីរថយន្ដ Hammer បុកមនុស្ស២នាក់បណ្ដាលឲ្យស្លាប់ ហើយរត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញរកឃើញរថយន្ដហើយ។ ខ្ញុំបញ្ជាឲ្យស្រាវជ្រាវដោយយកចិត្តទុកដាក់បន្ដទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្ដន្ទាទោសតាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត»។
បើទោះបីវិធានការច្បាប់ម៉ឺងម៉ាត់ក៏ពិតមែន ប៉ុន្ដែលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្កដែលបើករថយន្ដបុកមនុស្សស្លាប់ពីរនេះ ឲ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដកដៃរាថយឡើយ ក្នុងប្រតិបត្តិការយ៉ាងស្រាវជ្រាវស្វែងចាប់ខ្លួនឲ្យខាងតែបាន។
សូមជម្រាបថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។
ក្នុងហេតុការណ៍នេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក រថយន្ដបង្កបានបើកគេចខ្លួនបាត់ស្រមោល។
សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីសប្ដាហ៍កន្លងទៅនេះ ទើបតែបានដាក់បទបញ្ជាដល់កម្លាំងនគរបាលទាំងអស់ ត្រូវចាប់វាយខ្នោះភ្លាមៗចំពោះអ្នកបើកបរទាំងឡាយណា ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃរហូតបាត់បង់ជីវិត ដោយមិនចាំបាច់សុំគោលការណ៍ពីថ្នាក់ដឹកនាំនោះទេ។ សម្ដេចអះអាងថា មន្ដ្រីនគរបាលដែលអនុវត្តត្រឹមត្រូវតាមច្បាប់បែបនេះ សម្ដេចនឹងតម្លើងឋានន្ដរស័ក្ដិជូនទៀតផង៕