(ភ្នំពេញ)៖ ស្រីស្រស់ស្រវឹងស្រា ដែលបើករថយន្តទំនើប BMW ទៅបុកអង្គរក្ស និង ដើមឈើនៅខាងមុខផ្ទះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងត្រូវបានសមត្ថកិច្ចបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោងជិត១០៖០០នាទី ព្រឹកថ្ងៃទី០២ ខែមេសានេះ។ ស្រ្តីស្រវឹងស្រាបើកបុកដើមឈើ និងអង្គរក្សនោះ មានឈ្មោះ អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ ជាអ្នករកស៊ីលក់រថយន្ត BMW ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ៣ករណី រួមមាន បើកបរក្នុងស្ថានភាពស្រវឹង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និង បង្ករបួសស្នាម។

សូមជំរាបថា កាលពីម៉ោង ២៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ នៅតាមបណ្តោយផ្លូវលេខ ២៦៨ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ មានករណីក្រុមស្ទាវមួយក្រុម ដែល​ក្នុងនោះ មានយុវតីខាងលើផង បានបើករថយន្ត BMW ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 យ៉ាងលឿន តាមបណ្តោយផ្លូវលេខ២៦៨ ក្នុងទិសដៅ ពីកើតទៅលិច បណ្តាលឱ្យរ៉េពេញផ្លូវ ហើយជ្រុលទៅបុកអង្គរក្ស ដែលឈរយាមនៅខាងមុខផ្ទះ សម្តេចនាយករដ្ឋមន្រ្តី បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ក្នុងនោះមានថ្នាក់ផ្កាយ២នាក់ ព្រមទាំងជ្រុលទៅបុក ដើមឈើបាក់អស់មួយដើម និងបន្តជ្រុលបុករះម៉ូតូចំនួន ៤គ្រឿងទៀតផង៕

www.freshnewsasia.com