(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ អន្តជាតិជប៉ុន (JICA) ដឹកនាំដោយ លោកស្រី MIYAHARA AI តំណាងជាន់ខ្ពស់ JICA ប្រចាំនៅកម្ពុជា ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធផ្សេងទៀត។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើការបង្កើតផែនការមេហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សម្រាប់ផ្តល់ជាជំនួយបច្ចេកទេស លើការគាំទ្រលើគម្រោងសំខាន់ៗ រួមមាន៖ គម្រោងផែនការមេស្ដីពី ហេដ្ឋារចនាសម្ព័ន្ធ គម្រោងសិក្សាផែនការមេតភ្ជាប់បណ្ដាញផ្លូវរថភ្លើងក្នុងទីក្រុង គម្រោងផែនការមេដឹកជញ្ជូនសាធារណៈ និងគម្រោងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវថ្នល់នៅកម្ពុជា៕