(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិកាក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប បានឧទ្ទិសដល់ស្មារតីថ្ងៃជ័យជម្នះ ៧ មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

ការឧទ្ទិសបែបនេះរបស់លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៤ ដើម្បីរំលឹកទ្បើងវិញនូវថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ពល ពត នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ របស់រដ្ឋបាលស្រុកអង្គរធំ។

ពិធីនេះមានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក សរ ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្ករធំ,លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ និងជាប្រធានគណបក្សស្រុក, លោក ប៊ុត ការី ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរឃុំ ព្រមទាំងប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានថ្លែងថា ថ្ងៃជ័យជម្នះ ៧ មករា បានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងធ្វើឱ្យមានអ្វីៗសព្វបែបយ៉ាងបានកសាង នូវធនធានមនុស្ស អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន យ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជាស្ថាបនិកសន្តិភាព និងជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានអានសុន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានខ្លឹមសារថា អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម, សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ដោយឡែក ខេត្តសៀមរាបត្រូវបានរំដោះនៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប។ ជាមួយគ្នានេះការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ គឺបានបញ្ជាក់ឱ្យឃើញថា ៤៥ឆ្នាំកន្លងផុតទៅ កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផល ដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្ននេះ ដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។

ក្នុងសារលិខិត បានបន្តថា ខួបទិវាជ័យជម្នះ ៧មករាឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បន្ទាប់ពីកម្ពុជាបានយកឈ្នះលើសមរភូមិនៃវិបត្តិកូវីដ១៩ ដែលបង្កលក្ខណៈឱ្យយើង បានបើកប្រទេសឡើងវិញចាប់ចុងឆ្នាំ២០២១ និងបានកំពុងបន្តដំណើរទៅមុខប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។

​លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានបន្តថា ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបានឱ្យគង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន ក៏បានថ្លែងអំណរគុណនយោបាយឈ្នះឈ្នះ អរគុណសន្តិភាព អរគុណស្ថាបនិកសន្តិភាព ស្ថិតក្រោមម្លប់សន្តិភាព នៃកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ នេះផងដែរ៕