(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន សំដៅលើការលើកកម្ពស់វិស័យព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោក ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកការងារបណ្តុះបណ្តាល និងលោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធីគ្រុប និងជាសកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក លី ណាវុឌ្ឍ បានជម្រាបជូនថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានពីរទីតាំង ហើយសាកលវិទ្យាល័យ មាន១២មហាវិទ្យាល័យ និង៤២ជំនាញ រួមមាន មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម, មហាវិទ្យាល័យ ហរិញ្ញវត្ថុ និងធនាគារ, មហាវិទ្យាល័យ សេដ្ឋកិច្ច, មហាវិទ្យាល័យ ច្បាប់, មហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្ស, មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច, មហាវិទ្យាល័យ ព័ត៌មានវិទ្យា និយវិទ្យាសាស្ត្រ, មហាវិទ្យាល័យ បច្ចេកវិទ្យាឌីជីថល, មហាវិទ្យាល័យ វិស្វកម្ម, មហាវិទ្យាល័យ ស្ថាបត្យកម្ម, មហាវិទ្យាល័យ ទំនាក់ទំនងអន្តរជាតិ និងមហាវិទ្យាល័យ អាកាសចរស៊ីវិល។
រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់រវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ធ្វើឡើងដើម្បីពង្រឹងលើកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាការផ្សាភ្ជាប់រវាងការសិក្សាទ្រឹស្តីនៅសាលា និងការអនុវត្តការងារជាក់ស្តែង ដែលនឹងបើកលទ្ធភាពឲ្យនិស្សិតអាចមកបំពេញទស្សនកិច្ចសិក្សា និងកម្មសិក្សាជាមួយអគ្គនាយកដ្ឋានជំនាញនានា នៃក្រសួងព័ត៌មាន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ថ្ងៃនេះជាថ្ងៃជាប្រវត្តិសាស្ត្រមួយ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃក្រសួងព័ត៌មាន ក៏ដូចជាសាកលវិទ្យាល័យប៊ែលធី ដើម្បីបើកផ្លូវទៅលើកិច្ចសហប្រតិបត្តិការលើការងារមួយចំនួន ដើម្បីឲ្យស្របតាមកំណែទម្រង់របស់រាជរដ្ឋាភិបាល។
ក្រសួងព័ត៌មាន បានបើកកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ពីព្រោះជាដំណើរស្ថិតនៅក្នុងក្របខណ្ឌ នៃការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ទៅលើផ្នែកធនធានមនុស្ស នៅក្នុងអាណត្តិទី៧នេះ ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ដោតសំខាន់ទៅលើមូលធនមនុស្ស ហើយមូលធនមនុស្សនេះ គឺសំដៅទៅលើចំណុច៣ សំខាន់ចំណុចទី១ គឺសំដៅទៅលើធនធានមនុស្ស តាមរយៈការបណ្ដុះបណ្ដាលផ្នែកចំណេះដឹង ឲ្យក្លាយទៅជាធនធានមនុស្សមួយរបស់ជាតិ, ទី២ គុណាធិបតេយ្យ ដែលសំដៅទៅលើសមត្ថភាព និងស្នាដៃ ដែលមិនមែនត្រឹមតែចេះទេ ក៏ប៉ុន្តែត្រូវតែបង្កើតឲ្យមានស្នាដៃ ហើយនិងមានគុណភាព, ទី៣ គឺសុខភាពល្អ ទើបអាចបំពេញកិច្ចការងារបានដ៏ផងដែរ។ ដូច្នេះនៅក្នុងក្របខណ្ឌ នៃការចុះអនុស្សាណៈយោគយល់រវាងក្រសួងព័ត៌មាន ជាមួយសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ គឺផ្តល់ផលប្រយោជន៍បានទាំងសងខាង។
សម្រាប់សាលាប៊ែលធី ក្រសួងព័ត៌មាន បើកចំហរ សម្រាប់ សិស្ស និស្សិត មកទស្សនកិច្ចសិក្សា អាចផ្ដល់នូវវាលគ្មិនសម្រាប់ជួយបណ្ដុះបណ្ដាល ហើយកិច្ចប្រជុំពាក់ព័ន្ធអាចអញ្ជើញចូលរួមដើម្បីទាញយកនៅបទពិសោធន៍ និងការអនុវត្តផ្សេងៗ។ ក្រសួងក៏បានត្រៀមវាគ្មិន គ្រូឧទ្ទេស ដែលមានបទពិសោធន៍ ចូលរួមសិក្ខាសាលា ទៅតាមសំណូមពររបស់សាកលវិទ្យាល័យ ដើម្បីចែករំលែកនូវចំណេះដឹង ចំណេះជំនាញទៅឲ្យសិស្ស និស្សិត ដើម្បីជាការពង្រឹងទៅលើចំណេះដឹងដល់យុវជន ចូលរួមប្រឆាំងទៅលើព័ត៌មានក្លែងក្លាយ និងវិធីសាស្រ្តឲ្យយុវជនប្រើប្រាស់នូវប្រព័ន្ធផ្សព្វផ្សាយ ដើម្បីឲ្យស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ត្រឡប់ទៅវិញសម្រាប់ក្រសួងព័ត៌មាន ក៏ជាឱកាសល្អ ដោយទទួលបាននូវអាហារូបករណ៍ ពីសាលាប៊ែលធី ថ្នាក់បរិញ្ញាបត្រ រហូតដល់បណ្ឌិតសម្រាប់មន្រ្តី កូនៗ ចៅៗ របស់មន្ត្រីរាជការ នៃក្រសួងព័ត៌មាន។
អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងដើម្បីសម្រេចគោលបំណង នៃការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការសិក្សាស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា និងការចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ គ្រូឧទ្ទេស និងនិស្សិត។ ផ្តល់ឱកាសក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពក្នុងវិស័យព័ត៌មាន និងអប់រំឧត្តមសិក្សា សំដៅលើកកម្ពស់ គុណវុឌ្ឍសិក្សា។ ការផ្លាស់ប្តូរព័ត៌មានស្តីពីកម្មវិធីសិក្សា មុខវិជ្ជា ឱកាសការងារ និងកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាល និងស្រាវជ្រាវ។
តាមរយៈការចុះអនុស្សរណៈនេះដែរ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ យល់ព្រមផ្តល់ជូនអាហារូបករណ៍ ៣០% ពេញកម្មវិធីសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់មន្ត្រីរាជការ និងកូនៗរបស់មន្ត្រីរាជការ ដែលកំពុងបម្រើការនៅក្រសួងព័ត៌មាន ចំនួន២០កន្លែង ជារៀងរាល់ឆ្នាំ៕