(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវវត្តទួលវែង រស់នៅក្នុងភូមិព្រៃឱម៉ាល់ ភូមិរលាប និងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានរអ៊ូរទាំទាំងហួសចិត្ត លើបញ្ហារថយន្តដឹកដីក្រហម និងដឹកថ្ម ធ្វើឱ្យខូចខាតផ្លូវ និងហ៊ុយប៉ះពាល់ដល់សុខភាព ការរស់នៅ និងរកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ជាច្រើនខែមកហើយ មិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ឃាត់រថយន្ត មកធ្វើកិច្ចសន្យាណែនាំ ឱ្យជួយជួសជុលផ្លូវ និងស្រោចទឹកបានត្រឹមត្រូវនៅឡើយទេ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវលំគ្រួសក្រហមមួយខ្សែនេះ ត្រូវបានអតីតអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ធ្លាប់បានសន្យាថានឹងស្ថាបនាឱ្យក្លាយជាផ្លូវកៅស៊ូ DBST មានប្រវែង ៩,៧គីឡូម៉ែត្រ គិតចាប់ពីក្លោងទ្វាវត្តទួលវែង ទល់មុខផ្ទះលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអតីតប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ រហូតដល់អក្សរT ផ្លូវកៅស៊ូរលាប។ ខ្សែមួយផ្លូវនេះ ត្រូវបានក្រុមហ៊ុន លោក ហួត បញ្ញាវុធ (លោកឧកញ៉ាពងទា) ធ្វើការជួសជុល និងពង្រីកតួផ្លូវ កាលពីអំឡុងដើមឆ្នាំ២០២៣ តែត្រូវបានខូចខាតវិញជាបន្តបន្ទាប់ ដោយគ្រោះទឹកជំនន់ហូរដាច់ និងដោយសារការដឹកជញ្ជូនដីក្រហម និងថ្ម គ្មានការជួសជុលថែទាំ។

ទាក់ទងបញ្ហាផ្លូវខាងលើនេះ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ធ្លាប់បាន Comment លើការរិះគន់ក្នុងន័យស្ថាបនា ក្នុងបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «សូមឲ្យអាជ្ញារធរសង្កាត់ ជួយអប់រំ​ និងធ្វើកិច្ចសន្យាចំពោះវិស័យឯកជនទាំងឡាយ​ ដែលបានចរាចរណ៍(ដើម្បីប្រាក់ចំនេញ) លើខ្សែផ្លូវនេះ​ រួមមាន៖​ -ស្រោចទឹក​លើបណ្តោយខ្សែផ្លូវដែលត្រូវដឹកជញ្ជូនកុំអោយហុយធូលី​ ប៉ះពាល់ដល់​ សុខភាពប្រជាជន, -ជួសជុលឡើងវិញ លើបណ្តោយផ្លូវដែលបានដឹកជញ្ជូន​ ហើយមានការខូចខាត»

គួរជម្រាបជូនថា ដើមឡើយផ្លូវនេះ ជាផ្លូវមួយដែលមានយានយន្តគ្រប់ប្រភេទឆ្លងកាត់យ៉ាងមមាញឹក បូករួមទាំងរថយន្តដឹកទំនិញ រថយន្តដឹកកម្មករ រថយន្តដឹកដី និងរថយន្តដឹកកសិផលធន់ធ្ងន់ផងដែរ(រថយន្តដឹកដំឡូង)។ ថ្មីៗនេះដោយមានការផ្លាស់ប្តូរ ទីតាំងថ្មី នៃពន្ធនាគារខេត្តពោធិ៍សាត់ ខ្សែផ្លូវមួយនេះ ក៏បម្រើដល់ការដឹកជញ្ជូនទណ្ឌិត និងជនជាប់ឃុំ ចេញ-ចូល ដោយគ្មានជម្រើសផ្លូវផ្សេងនោះផងដែរ។

បច្ចុប្បន្នដោយសារទឹកជំនន់ហូរច្រោះផង និងដោយសារការដឹកដីក្រហម និងថ្មផងនោះ ផ្លូវមួយខ្សែនេះបានទទួលរងការខូចខាត និងធ្វើឱ្យអ្នកដំណើរពុំសូវហ៊ានបើកឆ្លងកាត់ទេ ព្រោះតែជង្ហុកច្រើន និងហ៊ុយជាខ្លាំង។ សម្រាប់អ្នកដំណើរ ដែលទ្រាំឆ្លងកាត់រាល់ថ្ងៃនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅមូលដ្ឋាន និងមន្ត្រីរាជការរស់នៅជាប់បណ្ដោយផ្លូវនេះ ពិសេសមន្ត្រីពន្ធនាគារខេត្ត ផ្ទាល់តែម្តង។

សម្រាប់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីរ ធ្លាប់បានបញ្ជាក់តាមសារតេឡេក្រាម និង Messenger ថានឹងមិនទុកឱ្យផ្លូវមួយខ្សែនេះ នៅខូចរហូតនោះទេ ពោលគឺគ្រោងស្ថាបនាទៅជាផ្លូវកៅស៊ូនៅថ្ងៃខាងមុខ តែសូមទន្ទឹងរងចាំបន្តិចសិន ខណៈដែរផ្លូវមួយខ្សែនេះ បានជាប់ចំណាត់ថ្នាក់ ក្នុងគម្រោងផ្លូវជនបទ(Jica) រួចរាល់ហើយ។

ទោះបីយ៉ាងនេះក្ដី ប្រជាពលរដ្ឋនៅតែទទូច ដល់អាជ្ញាធរដែលពាក់ព័ន្ធ ពិសេសអភិបាលថ្មីនៃខេត្តពោធិ៍សាត់ គឺលោក ខូយ រីដា មេត្តាពន្លឿនការស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យបានក្លាយជាផ្លូវកៅស៊ូ និងចាត់វិធានការចំពោះក្រុមហ៊ុន ដឹកដីក្រហម និងដឹកថ្ម ដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍រួម ធ្វើឱ្យហ៊ុយប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕