(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នៅខេត្តកណ្ដាល និងខណ្ឌព្រែកព្នៅ សរុបចំនួន៤រូប បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនមានឱកាសដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្នាកដឹកនាំគណបក្សភ្លើងទៀន ទាំង៤រូបនោះរួមមាន៖
*ទី១៖ លោក ជា ច័ន្ទណារិទ្ធ អតីតសមាជិកគណកម្មាធិការប្រតិបត្តិភ្លើងទៀនខេត្តកណ្តាល និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
*ទី២៖ លោក វ៉ែន សំអេន អតីតអចិន្ត្រៃយ៍គណកម្មធិការប្រតិបត្តិខណ្ឌព្រែកព្នៅ (ហិរញ្ញិក)
*ទី៣៖ លោក រ៉ាប់ រ៉ន អតីតអនុប្រធានយុវជនខណ្ឌព្រែកព្នៅ
*ទី៤៖ លោក ឈៀង សុខ អតីតសមាជិកក្រុមទ្រទ្រង់ការងារគណបក្សង្គ្រោះជាតិខេត្តកណ្តាល។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ទាំង៤រូបនោះបានអះអាងដូចៗគ្នាថា ពួកគេសូមគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបង្ហាញការសោកស្ដាយចំពោះសកម្មភាពរបស់ពួកគេកន្លងមក គ្រាដែលកំពុងរួមរស់ជាមួយគណបក្សប្រឆាំង។
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំងអស់នេះ បានគូសបញ្ជាក់ទៀតថា គណបក្សប្រឆាំងគ្មានការដឹកនាំច្បាស់លាស់ ដណ្ដើមអំណាចគ្នា ហើយតែងតែលាបពណ៌ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងដែលខ្លួនមិនដែលបានចូលរួមក្នុងការកសាង អភិវឌ្ឍន៍ប្រទេសម្ដងណានោះ។ ពួកគេថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបម្រើប្រជាពលរដ្ឋដោយស្មោះស្ម័គ្រ៕