(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោក ឡុង គឹមឃន ហៅ «សូរ សមយុទ្ធ» ដែលជាអតីតសមាជិកក្រុមប្រឆាំង។
ការតែងតាំងនេះ បានធ្វើឡើង តបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក ឡុង គឹមឃន អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ខែមករា បានផ្ញើលិខិតគោរពជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនជាជនកម្ពុជា។
លិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្នុងរយៈពេលជាង១០ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យ ៤០ឆ្នាំកន្លងមកនេះ ខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមាននយោបាយច្បាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយនិងសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត»។
លោកលើកឡើងថា ការដែលបានបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីលោកមានឱកាស បានចូលរួមចំណែកក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា បន្តទៅមុខទៀត៕