(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេចយល់ព្រមបញ្ចូលលោក ញឹម គឹមញ៉ុល អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ ជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំណុះគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣៤។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «យល់ព្រមបញ្ចូលលោក ញឹម គឹមញ៉ុល ជាសមាជិកគណបក្សប្រជាជនកម្ពុជា»។
គួរជម្រាបថា លោក ញឹម គឹមញ៉ុល កាលពីពេលថ្មីៗនេះ បានដាក់លិខិតមួយស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយ ជាមួយគណកប្សប្រជាជនកម្ពុជា។
លោក ញឹម គឹមញ៉ុល បានមើលឃើញយ៉ាងច្បាស់អំពីគោលនយោបាយ និងការដឹកនាំប្រទេសដ៏ត្រឹមត្រូវរបស់សម្តេចតេជោកន្លងមក ដែលធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅក្នុងភាព សុខដុមរមនា និងប្រទេសជាតិ ទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចជា៖ ហេត្ថារចនាសម្ព័ន្ធនានាបាន គ្រប់ដណ្តប់លើផ្ទៃប្រទេស ជាងនេះទៅទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានកែប្រែ មុខមាត់ថ្មី មានកេរ្តិ៍ឈ្មោះល្បីសាយរន្ទឺនៅក្នុងតំបន់ និងនៅលើពិភពលោក តាមរយៈការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាយើង ធ្វើជាម្ចាស់ផ្ទះ។
ដោយមើលឃើញពីគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងការស្វះស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមស៊ីវិល បានជាស្ថាពរនៅកម្ពុជា ក្រោម គោលមាគ៌ានយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ដែលប្រជាជនកម្ពុជា គ្រប់រូបប្រាថ្នាចង់បាន និងត្រូវចងចាំ ទុកជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិអង្គរ ដ៏បវរផូរផង់នៃយើង។
ទន្ទឹមនឹងនេះ គោលនយោបាយជាតិ ស្តីពីផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល អាណត្តិថ្មី ជាមួយនឹងកំណែទម្រង់ស៊ីជម្រៅយុវជនបន្តវេន ជាឈាមថ្មី ក្នុងនោះ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ គួរជាទីមោទកភាព ដែលបានធ្វើឲ្យសាធារណជន គ្រប់មជ្ឈដ្ឋានជាតិ-អន្តរជាតិ ក៏ដូចជា រូបលោកបានចូលរួម អបអរសាទរ ដោយក្ដីអំណរក្រៃលែង៕