(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះថា «នៅសាលភូមិភាគមានព្រះឆាយាល័ក្ខ ព្រះមហាក្សត្រ គ្រប់ទីកន្លែង ហើយគ្មាន កន្លែងណា ដែលគ្មានរូបព្រះឆាយាល័ក្ខ ព្រះមហាក្សត្រឡើយ កងទ័ព គេគោរពដាច់ខាត គោរពជាងគេបំផុត ហើយការពារដាច់ខាត»។
នាយឧត្តមសេនីយ៍ គន់ គីម អះអាងបែបនេះក្រោយពេលដែល ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានព្រះបន្ទូលថា នៅកម្ពុជាស្ថាប័ន ព្រះមហាក្សត្រ ពេលនេះកំពុងរងនូវការរំលោភបំពាន។ ព្រះអង្គបញ្ជាក់ថា ស្ថាប័នប៉ូលិស ទាហាន នីមួយៗ រៀលរាល់ថ្ងៃនេះ ពុំបានតាំងរូប ព្រះឆាយាល័ក្ខ នៅក្នុងអង្គភាពរបស់ខ្លួនទេ ប៉ុន្តែបែរជាតាំងរូបថត៧មករាទៅវិញ។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បានបញ្ជាក់ដោយសំអាងលើរូបថត ដែលស្ថិតនៅក្នុងកិច្ចប្រជុំមួយ នៅក្នុងភូមិភាគមួយប្រជុំជាមួយ សមាគមអតីតយុទ្ធជន ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ដើម្បីរម្លឹកដាស់តឿន រឿងការបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យអ្នកមាន អ្នកក្រលំបាក ដើម្បីរកឲ្យឃើញ នូវការលំបាករក អតីតអតីតយុទ្ធជន ដើម្បី យើងមានមូលដ្ឋានស្នើសុំរដ្ឋាភិបាល ឲ្យជួយដីធ្លី និងផ្ទះសំបែង ទៅតាមលទ្ធភាព ដែលអាចដោះស្រាយបាន ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅសាលភូមិភាគ មានព្រះឆាយាល័ក្ខ ព្រះមហាក្សត្រ គ្រប់ទីកន្លែង ហើយគ្មានកន្លែងណា ដែលគ្មានរូប ព្រះឆាយាលក្ខ ព្រះមហាក្សត្រ ឡើយ កងទ័ព គេគោរពដាច់ខាត គោរពជាងគេបំផុតហើយ ការពារដាច់ខាត រឿងព្រះមហាក្សត្រ និងរឿងរាជរដ្ឋាភិបាលនេះ ការពារដាច់ខាត ការពារយ៉ាងម៉ឺងម៉ាត់ ឃើញអត់ឃើញរូបភាពរបស់គេ អត់ គេធ្វើចឹង មិនមែនដូចអ្នកថា ឆ្កួតនោះទេ»។
នាយឧត្តមសេនីយ៍រូបនេះ បានហៅការមានព្រះបន្ទូលរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករបស់គណបក្សសង្រ្គោះជាតិ នាពេលនេះថា កំពុង «ព្រហើន» ដាក់អង្គភាព កងទ័ពនៅក្នុងប្រទេសកម្ពុជា ហើយនាយឧត្តមសេនីយ៍បញ្ជាក់ថា «កងទ័ពមាន សិទ្ធិគ្រប់គ្រាន់ក្នុងការគោរព និងការពាររាជរដ្ឋាភិបាល ដូចគ្នាទៅនឹងស្ថាប័នព្រះមហាក្សត្រ»៕