(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីឆ្លងជំងឺផ្ដាសាយបក្សី (H5N1) លើក្មេងប្រុសអាយុ១៦ឆ្នាំម្នាក់ ដែលមានទីលំនៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ក្រសួងបានបញ្ជាក់ថា ក្មេងប្រុសរូបនេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារម្នាក់ទៀតដែលបានស្លាប់កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្មីៗនេះ។
ក្រសួងសុខាភិបាលក៏បានប្រាប់ពីវិធានការបង្ការដល់ប្រជាពលរដ្ឋផងដែរ ដើម្បីបង្ការពីការឆ្លងរាលដាលជំងឺផ្ដាសាយបក្សីនេះ ដូចជា លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី, ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់សត្វបក្សីឱ្យនៅឆ្ងាយពីកន្លែងរស់នៅ, កុំបរិភោគសាច់សត្វបក្សីដែលឈឺឬងាប់, រាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖