(កំពង់ធំ)៖ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ (កំពង់ធំ) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បាននិមន្តនាំយកនូវគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗ និងបច្ច័យមួយចំនួន មកជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គីភ័យអស់ទាំងស្រុង នៅស្រុកសន្ទុក។

ក្នុងនោះព្រះទេពសត្ថា សៀង សុខ សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ជាមួយនឹងក្រុមគ្រួសារម្ចាស់ផ្ទះ ដែលអគ្គីភ័យដែលបានឆេះផ្ទះមួយខ្នងនេះអស់ទាំងស្រុងធ្វើឱ្យបាត់បង់នៅទ្រព្យសម្បត្តិជាច្រើន ដែលមិនបានជួយសង្គ្រោះទាន់ពេលវេលា សូមលើកទឹកចិត្តដល់ម្ចាស់ផ្ទះ មានស្មារតីរឹងមាំឡើងវិញកត្តាធម្មជាតិតែងតែកើតមានឡើង ដោយខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឱ្យមានហេតុការណ៍នេះកើតឡើង។ សូមឱ្យញាតិញោមទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ សម្រាប់បុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ មានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន ឬភ្លើងចង្ក្រាន អាចកើតឡើងជាយថាហេតុ។

អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួនបានប្រគល់ដល់ម្ចាស់ផ្ទះរួមមាន៖ អង្ករ មី ត្រីខទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ឃីត និងសម្ភារៈប្រើប្រាស់ផ្ទះបាយ និងបច្ច័យមួយចំនួនទៀត។

 គួររំលឹកថា កាលពីថ្ងៃទី១១ ខែកុម្ភៈ ២០២៤ ម៉ោង០១:៤៥នាទីរសៀល រយៈពេល២០នាទី ថ្ងៃចូល​ឆ្នាំ​ចិន-វៀតណាម ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនីឆេះផ្ទះអស់ទាំងស្រុង ផ្ទះមានទំហំ០៨ម៉ែត្រ គុណ១០ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះឆេះគ្មានសល់ ស្ថិតក្នុងភូមិជីមាឃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕