(ភ្នំពេញ)៖ លោក ប្រាក់ សុខុន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល,​ ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោត​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌជ្រោយចង្វារ និងយុវជនគណបក្សប្រជាជនកម្ពុជាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមប្រមាណជាង ៧០០នាក់។

បន្ទាប់ពីលោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌជ្រោយចង្វារ ធ្វើរបាយការណ៍ស្វាគមន៍ជូនអង្គពិធីរួចមក លោក ប្រាក់ សុខុន បានដំណើរការទៅយ៉ាងរលូនដោយគោរពបានខ្ជាប់ខ្ជួនតាមច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បង្កើតបាននូវបរិយាកាសសាមគ្គីជិតស្និត មានការទទួល ខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ចំពោះជ័យជម្នះដែលគណបក្សប្រជាជនកម្ពុជា នឹងទទួលបានក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខដ៏ខ្លីនេះ ។

លោក ប្រាក់ សុខុន មានជំនឿយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជានឹងទទួលជោគជ័យត្រចះត្រចង់ដោយសារតែគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

លោកបន្តថា ឧត្តមគតិរបស់គណបក្សគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជនក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រទេសជាតិមាតុភូមិ។ គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងដាក់ចេញនូវកម្មវិធីនយោបាយមួយដែលត្រឹមត្រូវ និងស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ។ តាមរយៈការអនុវត្ត គោលនយោបាយទាំងនោះប្រកបដោយប្រសិទ្ធភាព ទើបការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គមរបស់ ប្រទេសជាតិយើងមានការរីកចម្រើនឥតឈប់ឈរដូចបច្ចុប្បន្ននេះ។

លោក ប្រាក់ សុខុន ថាគឺសមិទ្ធផលទាំងអស់នោះហើយដែលជាមូលដ្ឋានដ៏រឹងមាំនៃជំនឿជឿជាក់របស់ប្រជាជនកម្ពុជាចំពោះការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ។ គណបក្សមានជួរមន្ត្រីគ្រប់ថ្នាក់ គ្រប់ផ្នែក ដែលជាអ្នកចាត់តាំង អនុវត្តកម្មវិធីមាគ៌ា គោល នយោបាយរបស់គណបក្សប្រកបដោយសមត្ថភាព គុណភាព និងបទពិសោធន៍ការងារ។ គណបក្សឆ្លើយតបបានយ៉ាងស័ក្តិសម បំផុតចំពោះសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនយើងក្នុង ការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បានយ៉ាងរឹងមាំ និងបន្តកសាង និងអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

គណបក្សអនុវត្តគោលនយោបាយការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកបដោយភាព ទន់ភ្លន់ និងម៉ឺងម៉ាត់ ការពារបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីបានយ៉ាងគត់មត់ តាមការកំណត់របស់រដ្ឋធម្មនុញ្ញ។ ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូលបាននឹងកំពុងរស់នៅក្នុងសុខ សន្តិភាពក្រោមដំបូលរដ្ឋធម្មនុញ្ញតែ១ ក្រោមម្លប់ដ៏ត្រជាក់របស់ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងស្នូលនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាតិទប់ស្កាត់បាន យ៉ាងមានប្រសិទ្ធភាពនូវរាល់ទង្វើរបស់ពួកប្រឆាំង ពួកអគតិ ពួកអមិត្តទាំងក្នុង និងក្រៅប្រទេសដែលប្រើល្បិចកលបំភ្លៃបំផ្លើស ប៉ុនប៉ងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលស្របច្បាប់ ។ លើមូលដ្ឋាននេះ គណបក្សបានការពារយ៉ាងរឹងមាំរាល់សមិទ្ធផលនៃសង្គមជាតិ ការពារឯករាជ្យ និងអធិបតេយ្យជាតិ ការពារឆន្ទៈ និងផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ប្រជាជនដែលធានាឱ្យកម្ពុជាបន្តដើរទៅមុខយ៉ាងរឹងមាំតាមគន្លងនៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានអំពាវនាវដល់អង្គបោះឆ្នោតមេត្តាគាំទ្រគោលនយោបាយជាអាទិភាពរបស់គណបក្ស និងបេក្ខជនរបស់គណបក្ស ដោយអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។

សូមជម្រាបថា ក្បួនដង្ហែរបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ផ្តើមចេញដំណើរពីរង្វង់មូលទេពមច្ចា ឆ្ពោះទៅវិមានឈ្នះ ឈ្នះ តាមផ្លូវជាតិ ៦A ស្ថិតក្នុងភូមិសាស្រ្តខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់អង្គបោះឆ្នោតមកពីគណបក្សប្រជាជនកម្ពុជាគ្របដណ្ដប់ ៨២,៧៦% នៃចំនួនអ្នកបោះឆ្នោតទាំងមូលនៅរាជធានីភ្នំពេញ៕