(ភ្នំពេញ)៖ លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពគាំទ្រដល់សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ស្តីពីអ៊ុយក្រែន កន្លងមក ដោយលោកចាត់ទុកថា សកម្មភាពនេះជាការដើរផ្លូវត្រូវនៃប្រវត្តិសាស្ត្រ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងវេទិកាសាធារណៈ ស្តីពីសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។
លោក Igor Driesmans បានថ្លែងថា ដូចដែលអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងនៅពេលសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៊ី នៅអង្គការសហប្រជាជាតិថា កម្ពុជាក៏ឱ្យតម្លៃលើគោលការណ៍ជាមូលដ្ឋាននៃអធិបតេយ្យភាព និងបូរណភាពទឹកដីនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ គោលការណ៍ទាំងនេះ មានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសតូចៗ ដែលមានប្រទេសជិតខាងធំ និងខ្លាំងជាង ដូចជាប្រទេសកម្ពុជាជាដើម។
លោកបានបន្តថា «យើងសូមសម្តែងការដឹងគុណ [...] អរគុណកម្ពុជាដែលបានស្ថិតនៅលើផ្លូវត្រូវនៃប្រវត្តិសាស្ត្រ»។
សូមជម្រាបថា អង្គការសហប្រជាជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានរៀបចំមហាសន្និបាតជាបន្ទាន់មួយ ដើម្បីរៀបចំការបោះឆ្នោត លើសេចក្តីសម្រេចមួយថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។ ក្នុងចំណោមប្រទេសសមាជិកទាំងអស់ មាន១៤១ប្រទេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ៥ប្រទេសមិនគាំទ្រ ខណៈ៣៥ប្រទេសអនុបវេទ។
កម្ពុជាស្ថិតនៅក្នុងចំណោម ១៤១ប្រទេស ដែលគាំទ្រចំពោះសេចក្តីសម្រេចនេះ ហើយក៏បានចូលរួមជាសហស្ថាបនិក នៃសេចក្តីសំរេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់របស់ មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅអ៊ុយក្រែនផងដែរ៕