(ភ្នំពេញ)៖ យោងតាមការស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា ការគិតថ្លៃនាំចូលរបស់សហភាពអឺរ៉ុប (EU) លើផលិតផលផលិតដោយបញ្ចេញកាបូនច្រើន ត្រូវបានរំពឹងថា នឹងមានផលជះមិនច្រើនទេលើការប្រែប្រួលអាកាសធាតុ ហើយមានផល ប៉ះពាល់អវិជ្ជមានតិចតួចប៉ុណ្ណោះលើសេដ្ឋកិច្ចនៃប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក ។

យន្តការកាត់បន្ថយកម្រិតកាបូន (Carbon Border Adjustment Mechanism ហៅកាត់ CBAM) របស់សហភាពអឺរ៉ុប ដែលគ្រោងនឹងចូលជាធរមាននៅឆ្នាំ ២០២៦ នឹងដាក់បន្ទុកលើការនាំចូល ផលិតផលដូចជា ដែក ស៊ីម៉ងត៍ និងគ្រឿងអគ្គិសនី ដែលមានការបំភាយឧស្ម័ន CO2 ខ្ពស់ក្នុងផលិតកម្មរបស់វា។

ការដាក់បន្ទុកតម្លៃនេះ មានគោលបំណងទប់ស្កាត់ «ការប្តូរទីតាំងបំភាយកាបូន (carbon leakage)» ដែលសំដៅលើសកម្មភាពនៃផលិតកម្មបញ្ចេញឧស្ម័នពុល ក្នុងការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ពីប្រទេសដែលមានបទប្បញ្ញត្តិតឹងរ៉ឹងឬតម្លៃកាបូនខ្ពស់ ទៅកាន់ប្រទេសដែលមានបទប្បញ្ញត្តិមិនសូវតឹងរ៉ឹងឬតម្លៃទាបជាង។

ទោះជាយ៉ាងណាក្តី CBAM ទំនងជានឹងកាត់បន្ថយការបំភាយកាបូនពិភពលោកតិចជាង ០.២% ធៀបនឹងគម្រោងជួញដូរការបំភាយឧស្ម័នពុលដែលមានតម្លៃកាបូន ១០០ អឺរ៉ូ (១០៨ ដុល្លារ) ក្នុងមួយតោន និង ការគ្មានពន្ធគយកាបូន នេះបើយោងតាមការបង្ហាញនៃគំរូស្ថិតិ។

ទន្ទឹមនឹងនោះ ការដាក់បន្ទុកតម្លៃនេះ អាចកាត់បន្ថយការនាំចេញសកលទៅកាន់សហភាពអឺរ៉ុបប្រហែល ០.៤% និងការនាំចេញរបស់ អាស៊ីទៅកាន់សហភាពអឺរ៉ុបប្រហែល ១.១% ជាមួយនឹងការជះឥទ្ធិពល អវិជ្ជមាន ដល់ផលិតផលរបស់សហគ្រាសមួយចំនួននៅក្នុងសហភាពអឺរ៉ុប នេះបើយោងតាម របាយការណ៍សមាហរណកម្មសេដ្ឋកិច្ចអាស៊ី (Asian Economic Integration Report ហៅកាត់ AEIR ) ២០២៤ ចេញផ្សាយថ្ងៃនេះ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានថ្លែងថា «ភាពផ្សេងៗគ្នានៃគំនិតផ្តួចផ្តើមកំណត់តម្លៃកាបូន ដោយសារវិស័យនិងតំបន់ខុសៗគ្នា រួមទាំង CBAM ផងដែរ ដែលបានបញ្ចូលក្នុងការសិក្សា អាចកំណត់បានតែផ្នែកខ្លះនៃការប្តូទីតាំងបំភាយកាបូនទេ។ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឲ្យបានច្រើន នៅទូទាំងពិភពលោក ជាមួយនឹងការធ្វើឲ្យប្រាកដថា កិច្ចខិតខំប្រឹងប្រែងអាកាសធាតុ កាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាព គំនិតផ្តួចផ្តើមដាក់បន្ទុកតម្លៃកាបូនចាំបាច់ត្រូវពង្រីកទៅកាន់តំបន់ ផ្សេងទៀតក្រៅពីសហភាពអឺរ៉ុប ជាពិសេសអាស៊ី»

អនុតំបន់នានានៅអាស៊ីដែលចូលរួមច្រើនក្នុងការនាំចេញ ផលិតផលផលិតដោយបញ្ចេញកាបូនខ្ពស់ទៅកាន់អឺរ៉ុប ជាពិសេសអាស៊ីកណ្តាលនិងខាងលិច នឹងរងផលប៉ះពាល់ជាអវិជ្ជមានកាន់តែខ្លាំងដោយ សារ CBAM និងប្រព័ន្ធពាណិជ្ជកម្មទាក់ទងនឹងការបំភាយឧស្ម័នដែលអនុវត្តដោយសហភាពអឺរ៉ុប។

របាយការណ៍របស់ ADB ខាងលើ បានឲ្យដឹងថា ដោយសារផលប៉ះពាល់ពាក់ព័ន្ធដែលរំពឹងទុក ជាពិសេសលើ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី យន្តការលើកទឹកចិត្តសមស្របគឺចាំបាច់ត្រូវមាន ដើម្បីលើកទឹកចិត្ត ឲ្យមានការអនុម័តទូលំទូលាយនៃការកំណត់តម្លៃកាបូន។

របាយការណ៍នេះ ក៏បានផ្តល់អនុសាសន៍ផងដែរពី វិធានការដើម្បីកាត់បន្ថយកាបូនក្នុងដំណើរការពាណិជ្ជកម្មអន្តរជាតិ និងខ្សែសង្វាក់តម្លៃសកល។ ការបំភាយកាបូនពីប្រភពទាំងនេះ គឺកើនឡើងលឿនជាងប្រភពផ្សេងទៀត ហើយប្រភពបំភាយកាបូនទាំងនោះកំពុងកើនឡើងលឿននៅក្នុងតំបន់អាស៊ី។

ក្នុងចំណោមអនុសាសន៍ទាំងឡាយក៏រួមមាន ការអនុវត្តគោលនយោបាយផ្តោតលើការលើកទឹកចិត្តឱ្យមានការធ្វើពាណិជ្ជកម្មផលិតផលនិងសេវាកម្ម ដែលមានលក្ខណៈអាកាសធាតុមេត្រី។ ការគាំទ្របទប្បញ្ញត្តិនិងស្តង់ដារបរិស្ថាន ការសម្របសម្រួលការផ្ទេរបច្ចេកវិទ្យាបៃតង និងការគាំទ្ររដ្ឋាភិបាល និងស្ថាប័នអន្តរជាតិក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគបៃតង។

របាយការណ៍នេះ បានអំពាវនាវបន្ថែមទៀត ឲ្យមានកិច្ចសហប្រតិបត្តិការជាសកល ដើម្បីបង្កើតក្របខ័ណ្ឌគណនេយ្យភាពដែលអាចទទួលយកបានជាសកល ដើម្បីអាចតាមដានប្រកបដោយប្រសិទ្ធភាព នូវការបំភាយឧស្ម័នដែលបានបង្កប់នៅក្នុងផលិតផល និងសេវាកម្មនានា។

ក្នុងចំណោមការរកឃើញសំខាន់ៗផ្សេងទៀត AEIR ២០២៤ ក៏បង្ហាញថា ទោះបីជាមានការព្រួយបារម្ភអំពីហានិភ័យនៃភាពផ្សេងៗគ្នាលើសកលលោកនេះក៏ដោយ ក៏ខ្សែសង្វាក់តម្លៃសកលនៅអាស៊ីបាន ងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាត កូវីដ១៩។

ជាមួយតំបន់ភាវូនីយកម្មនៃខ្សែសង្វាក់តម្លៃសកលដែល បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះនៅក្នុងទ្វីបអាស៊ី របាយការណ៍នេះមិនបានរកឃើញសញ្ញាច្បាស់លាស់ បញ្ចាក់ថា «ការវិលត្រឡប់មកវិញនៃវិនិយោគដែលបានចាកចេញ (reshoring)» កំពុងតែទទួលបាន ភាពទាក់ទាញនៅក្នុងតំបន់អាស៊ី ឬទូទាំងពិភពលោកនោះទេ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕