(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតជូន លោក Susumu Tai កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការបរទេស។

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកកុងស៊ុលកិត្តិយស ចំពោះការបរិច្ចាគទាំងពេលវេលា និងធនធាន ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំឱ្យខិតខំជំរុញអ្នកទេសចរណ៍ និងអ្នកវិនិយោគជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀត ជាពិសេសការចាប់យកឱកាសនៃការធ្វើវិនិយោគនៅកម្ពុជាឱ្យបានកាន់តែឆាប់រហ័ស៕