(កំពង់ចាម)៖  អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំដើម្បីសម្ពោធសមិទ្ធផលនានា នៅក្នុងបរិវេណវត្តខេមវ័ន ហៅវត្តបឹងស្នាយ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

បើតាមព្រះធម្មសាលវ័ង្ស សា វីរៈ ចៅអធិការវត្តបឹងស្នាយ បានមានសង្ឃដីកាឱ្យដឹងថា ដើម្បីបំពេញតម្រូវការចាំបាច់ និងសម្រេចលទ្ធផលទៅតាមផែនការ គណៈគ្រប់គ្រងវត្ត បានលើកគម្រោងកសាង និងជួសជុលកុដិ សម្រាប់ព្រះសង្ឃស្នាក់នៅ សាលាសង្ឃភត្ត សាលារៀន បណ្ណាល័យ។ល។ ក្នុងនោះផងដែរ ចាប់តាំងពីឆ្នាំ២០១២មក កំណើនសមណសិស្សមកគង់ស្នាក់នៅសិក្សា មានការកើនឡើងជារៀងរាល់ឆ្នាំ ក៏ឋិតនៅក្នុងភារកិច្ចវត្តព្រះពុទ្ធសាសនា ត្រូវអភិវឌ្ឍន៍លើវិស័យ-គន្ធធុរៈ (វិស័យពុទ្ធិកសិក្សា) និងវិស័យវិបស្សនាធុរៈ ដូច្នេះហើយតម្រូវឱ្យគណគ្រប់គ្រងវត្ត រៀបចំផែនការកសាងហេដ្ឋរចនាសម្ព័ន្ធសំណង់រឹង និងទន់ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់សង្គមជាតិ និងកាអភិវឌ្ឍធនធានមនុស្សនាពេលបច្ចុប្បន្ន។

ព្រះចៅអធិការវត្ត បានមានសង្ឃដីកាថា វត្តខេមវ័នបឹងស្នាយ ក៏បានរៀបចំគម្រោងសាងសង់អាគារសេនាសនៈ សម្រាប់ព្រះសង្ឃគង់នៅ និងអាគារសម្រាប់បំពេញតម្រូវការទ្រទ្រង់ក្នុងវិស័យអបរំទាំងពីរធុរៈ និងដើម្បីអនុគ្រោះដល់ការសិក្សាបដិបត្តិធម៌របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ ព្រមទាំងប្រារព្ធកម្មវិធីសាសនសង្គមនានាផងដែរ ។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្ត បានឱ្យដឹងថា កម្មវិធីសម្ភោធសមិទ្ធផលនានា ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយនេះ និងប្រព្រឹត្តទៅ នៅចុងខែមីនា ឆ្នាំ២០២៤៕