(សេអ៊ូល)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាថានឹងបន្តផែនការបង្កើនចំនួននិស្សិត ឱ្យចូលសិក្សានៅសាលាពេទ្យ ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែប្រសើរឡើង ហើយថាគ្មានហេតុផលណាមួយត្រូវតវ៉ា ចំពោះកំណែទម្រង់នេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្រុមវេជ្ជបណ្ឌិតវ័យក្មេងច្រើនជាង ៩,០០០នាក់ ឬច្រើនជាង ២ភាគ៣ នៃចំនួនសិក្ខាវេជ្ជបណ្ឌិតសរុប នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឈប់ពីការងារកាលពីសប្តាហ៍មុន ដោយសារតែផែនការធ្វើកំណែទម្រង់នេះ ដោយថាវិស័យសុខាភិបាលមិនខ្វះខាតគ្រូពេទ្យទេ ហើយរដ្ឋាភិបាលគួរតែដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារជាមុនសិន។

ដោយលើកឡើងពីផែនការ ដែលរួមបញ្ចូលបន្ថែមនូវការការពារផ្លូវច្បាប់សម្រាប់គ្រូពេទ្យ និងការកែលម្អសេវាថែទាំសុខភាពតាមទីជនបទ លោក Yoon បានបញ្ជាក់ថា «នេះមិនមែនជាបញ្ហាដែលត្រូវចរចា ឬសម្រុះសម្រួលនោះទេ។ វាពិបាកណាស់ក្នុងការបង្ហាញ នូវភាពត្រឹមត្រូវ ទោះក្នុងកាលៈទេសៈណាក៏ដោយ ករណីមានធ្វើសកម្មភាពយកបញ្ហាសុខភាព និងអាយុជីវិតមនុស្សជាចំណាប់ខ្មាំង»។

គួរបញ្ជាក់ថា ប្រជាជនកូរ៉េខាងត្បូងភាគច្រើន គាំទ្រលោកផែនការរបស់ លោក Yoon ហើយការគាំទ្រនេះកាន់តែកើនឡើង ក្នុងសប្តាហ៍នេះ មុនការបោះឆ្នោតសកលខែមេសា ដោយបើតាមការស្ទង់មតិរបស់វិទ្យសា្ថន Gallup Korea ៧៦ភាគរយបានគាំទ្រផែនការនេះ៕