(រតនគិរី)៖ ករណីឃាតកម្មដោយប្រើពូថៅកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធមួយ បានកើតឡើងនៅវេលាម៉ោង ២១៖៣០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

ក្រោយពីបានទទួលបានសេចក្តីរាយការណ៍ពីកូនគ្រួសាររងគ្រោះនៅព្រឹកថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងនគរបាលឃុំឃុំតឺន បានចុះដល់កន្លែងកើតហេតុ និងអះអាងថាពិតជាមានករណីឃាតកម្មដ៏សាហាវ បណ្ដាឲ្យមនុស្សស្លាប់ចំនួន២នាក់។

កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ និងមន្ត្រីនគរបាលជំនាញ នៃស្នងការនគរបាលខេត្តរតនគិរី កំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់។ 

សមត្ថកិច្ចដែលចុះប្រតិបត្តិការបានដាក់ការសង្ស័យលើជនល្មើសឈ្មោះ យិន សុធារិត អាយុ៤៩ឆ្នាំ រស់នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី (ត្រូវជាប្អូនបង្កើតជនរងគ្រោះ) ហើយជនសង្ស័យខាងលើនេះមានសតិមិនល្អ។

សមត្ថកិច្ចខាងលើបន្តថា ជនរងគ្រោះទាំង២នាក់រួមមាន៖

*ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករស្លាប់កន្លែងកើតហេតុ។
*ទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២មានទីលំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

បច្ចុប្បន្ន កម្លាំងជំនាញ នៃស្នងការនគរបាខេត្តរតនគិរី កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងនគរបាលប៉ុស្តិ៍ឃុំតឺន កំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនដៃដល់៕