(ភ្នំពេញ)៖ «ទិវាវប្បធម៌ជាតិ» ត្រូវបានកំណត់ឲ្យរៀបចំនៅថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែ «ទិវាវប្បធម៌ជាតិ» លើកទី២៦ រាជរដ្ឋាភិបាល នឹងប្រារព្ធនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ នៅកោះពេជ្រ។

ការបង្កើត «ទិវាវប្បធម៌ជាតិ» គឺដើម្បីរម្លឹកដល់ការបូជារបស់បុព្វបុរសយើង ទាំងកម្លាំងកាយ កម្លាំងបញ្ញា និងកម្លាំងចិត្ត ក្នុងការបង្កើតអត្តសញ្ញាណជាតិ វប្បធម៌ដ៏សម្បូរបែប និងមានតម្លៃដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗ ឱ្យស្គាល់អ្វីជាអត្តសញ្ញាណរបស់ខ្មែរយើង។ យុវជន ជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឲ្យរីកចម្រើនទៅមុខ ហេតុនេះហើយបានជារាជរដ្ឋាភិបាល បន្តកំណត់ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីប្រារព្ធ«ទិវាវប្បធម៌ជាតិ» លើកទី២៦។

យុវជនមួយរូបឈ្មោះ នួន ភារម្យ បានលើកឡើងថា ចំពោះប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងឆ្នាំនេះ ពិតជាមានទាំងអត្ថន័យ និងអត្ថរសពេញលេញ។

បើតាមអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» គឺពិតជាមានគុណតម្លៃយ៉ាងពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ឱ្យមានស្មារតីស្រលាញ់ ការពារ ថែរក្សា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ផូរផង់របស់យើង ដោយធានាឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រោះយុវជន ជាឃោសនិកវប្បធម៌ប្រកបដោយថាមពល និងសក្តានុពល ក្នុងការផ្សព្វផ្សាយវប្បធម៌ទាំងឆាកជាតិ និងអន្តរជាតិ ហើយយុវជនគឺជាអ្នកដើរតួនាទីយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយវប្បធម៌ តាមរយៈផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមកនូវសាមគ្គីភាព សន្តិភាព និង​សុខដុមនីយកម្ម។ លោក នួន ភារម្យ បានបន្តថា បច្ចប្បន្ន យុវជនខ្មែរមានការចូលរួមយ៉ាងផុលផុស ក្នុងបុព្វហេតុវប្បធម៌។

លោកបានបញ្ជាក់ថា «នាពេលបច្ចុប្បន្ននេះ ចំពោះវប្បធម៌ជាតិ យុវជនខ្មែរ ក៏ដូចរូបខ្ញុំផ្ទាល់បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយវប្បធម៌របស់ជាតិខ្លួនទៅលើឆាកជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោក អភិរក្សក្នុងន័យអភិវឌ្ឍ និងអភិវឌ្ឍក្នុងន័យអភិរក្ស។ ដូចយើងបានសង្កេតឃើញសព្វថ្ងៃនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្តាញសង្គម (Facebook, TikTok, IG……) គឺយុវជនយើងមានការចាប់អារម្មណ៍គាំទ្រយ៉ាងក្លៀវក្លា លើសិល្បៈ វប្បធម៌ទាំងបុរាណ និងសម័យ ដោយការកែច្នៃឱ្យមានភាពទាក់ទាញ និងភាពលេចធ្លោ ស្របតាមសម័យកាលនីមួយៗ តែនៅរក្សានៅអ្វីៗជាអត្តសញ្ញាណជាតិរបស់យើង ដូចពាក្យស្លោក មួយលើកឡើងថា បុរាណមិនយឺត សម័យមិនបរទេស»។

ក្នុងនាមជាយុវជនមួយរូប លោក នួន ភារម្យ គ៏បានសំណូមពរដល់យុវជនគ្រប់រូប បន្តថែរក្សាវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិយើង និងបន្តផ្សព្វផ្សាយវប្បធម៌ជាតិយើង ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ទៅលើឆាកជាតិ និងអន្តរជាតិ។ លោកថ្លែងងថា បុប្ផា ទោះជាល្អយ៉ាងណា បើមិនបន្សាយក្លិនក៏គេមិនដឹងថាអស្ចារ្យដែរ! ដូច្នេះហើយមានតែការចូលរួមកម្លាំងគ្នាពីយុវជន ក្នុងការផ្សព្វផ្សាយអ្វីដែលជារបស់យើងទៅកាន់ពិភពលោក ដើម្បីបង្ហាញពីសក្តានុពលវប្បធម៌នៃកម្ពុជា ប្រទេសដ៏តូចតែខ្លឹមមួយនេះឱ្យប្រទេសដទៃបានដឹង។

ចំណែកឯលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការដាក់ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ជាទស្សនាទាននយោបាយល្អមួយ ក្នុងការដាស់តឿនយុវជន និងពញ្ញាក់ស្មារតីពួកគាត់ឲ្យចូលរួមចំពោះការថែរក្សា និងអភិរក្សវប្បធម៌ជាតិយើង។

លោកបណ្ឌិត យង់ ពៅ បានបន្តថា ដើម្បីឲ្យយុវជនចូលរួមក្នុងបុព្វហេតុវប្បធម៌ ប្រកបដោយស្មារតីគិតគូរ និងទទួលខុសត្រូវ លោកមានយោបល់ ៥ចំណុច រួមមាន៖

* ១៖ យុវជនត្រូវឈ្វេងយល់ពីប្រវត្តិសាស្ត្រឲ្យបានត្រឹមត្រូវ កុំចូលរួមក្នុងចលនាវប្បធម៌ព្រោះតែឮតាមគ្នា និងធ្វើតាមគ្នា។
* ២៖ ក្រសួងអប់រំ ត្រូវធ្វើឲ្យយ៉ាងឲ្យស្ថាប័នអប់រំ បង្រៀនតាមកម្មវិធីសិក្សាឲ្យបានត្រឹមត្រូវ ជាពិសេសមុខវិជ្ជាសិក្សាសង្គម ដោយចៀសវាងមានម៉ោងហើយ បែរមិនបង្រៀន។
* ៣៖ ប្រព័ន្ធផ្សព្វផ្សាយ ត្រូវផ្សាយពីគុណតម្លៃវប្បធម៌ជាតិឲ្យខ្លាំង ដោយផ្តោតលើមាតិកាវប្បធម៌ ខណៈក្រសួងវប្បធម៌ ត្រូវតាមដានមើលការផលិតមាតិកាទាំងឡាយណា ដែលប៉ះពាល់វប្បធម៌ ត្រូវមានចំណាត់ការភ្លាម។
* ៤៖ បង្កបរិយាកាសឲ្យយុវជន ខណៈយុវជនបង្កលក្ខណៈដល់ខ្លួនឯង ចូលរួមសកម្មភាពវប្បធម៌កាន់តែច្រើន។
* ៥៖ រាជរដ្ឋាភិបាល ត្រូវតែជំរុញ និងសម្រួលចំណុចទាំង ៤ខាងលើ ព្រោះមានតែរាជរដ្ឋាភិបាលទេ ដែលអាចកំណត់ទិសច្បាស់លាស់បាន។

ពាក់ព័ន្ធនឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ត្រូវបានលោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជា លើកឡើងថា យុវជន គឺជាកម្លាំងដ៏ខ្លាំង។ លោកមើលឃើញថា ក្នុងបុព្វហេតុវប្បធម៌ជាតិ មានយុវជនជាច្រើនបានចូលរួម តែយុវជនមួយចំនួន មិនទាន់ចូលរួមនោះទេ។

លោកថ្លែងថា «ជាការណ៍ពិត យុវជនភាគច្រើនគាត់ចូលរួមនូវកិច្ចការមួយចំនួន ដែលលើកស្ទួយនូវវប្បធម៌ជាតិរបស់យើង ហើយក៏មើលឃើញយុវជនមួយចំនួន គាត់នៅតែមិនសូវឲ្យតម្លៃវប្បធម៌ខ្មែរ ដោយសារគាត់នៅប្រកាន់វប្បធម៌បរទេស។ ម្យ៉ាងទៀត ដោយសារឥទ្ធិពលវប្បធម៌ពីខាងក្រៅ ចូលមក ដែលធ្វើឲ្យយុវជនខ្មែរទទួលយក និងប្រាសចាកលើវប្បធម៌ខ្លួន»។

បើតាមលោក គង់ សំនៀង ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បានចូលរួមយ៉ាងខ្លាំងហើយ ដើម្បីលើកស្ទួយវិស័យវប្បធម៌ជាតិ ប៉ុន្តែលោកចង់ឃើញ ឲ្យមានសកម្មភាពបន្ថែមទៀត។ លោកបន្តថា ក្រសួងវប្បធម៌ និងក្រសួងធម្មការ ត្រូវបង្កើនកម្មវិធីវប្បធម៌ផ្សេងៗ ដោយមានការចូលរួមពីយុវជន ហើយយុវជនដែលបានប្រឹងប្រែងលើកស្ទួយ ត្រូវលើកទឹកចិត្តពួកគាត់។

ជាមួយគ្នានេះ លោក គង់ សំនៀង ថ្លែងថា ចំពោះក្រសួងព័ត៌មាន ត្រូវខិតខំផ្សព្វផ្សាយពីសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌។ ចំណែកឯក្រសួងមហាផ្ទៃ ក៏ត្រូវជួយទប់ស្កាត់ ចំពោះគេហទំព័រណា ដែលផ្សព្វផ្សាយពីឱនភាពនៃវប្បធមជាតិ។

លោកបញ្ជាក់ថា «យុវជនដែលខិតខំជួយវប្បធម៌ យើងត្រូវខិតខំជួយគេ មិនមែនតែក្រសួងអប់រំ គឺគ្រប់ក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងវប្បធម៌ជាដើម បង្កើនកម្មវិធីផ្សេងៗ ដែលមានការចូលរួមពីយុវជន។ លើកទឹកចិត្តយុវជន ដោយសារខ្ញុំសង្កេតឃើញថា មានយុវជនមួយចំនួនខំធ្វើ តែខ្វះការគាំទ្រ»។

លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានលើកឡើងដែរថា ការប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី២៦ នឹងមានអ្នកចូលរួមប្រមាណជាង ៤០០០នាក់ ក្នុងនោះ មានតំណាងថ្នាក់ដឹកនាំនានា មរតកមនុស្សរស់ សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធទូទាំងប្រទេស ព្រមទាំងភ្ញៀវកិត្តិយជាច្រើនរូប។ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ ក៏បានពន្យល់ថា មូលហេតុ ដែលជ្រើសរើសប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយសារយុវជន ជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឲ្យរីកចម្រើនទៅមុខ។

ទន្ទឹមនេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានណែនាំក្រសួង ស្ថាប័នរបស់​រដ្ឋទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ឱ្យរួមគ្នាធ្វើសកម្មភាពឱ្យផុលផុសពាក់ព័ន្ធនឹងវប្បធម៌ជាតិចាប់ពី​ខែមីនា ដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។

ក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់​គុណូបការៈ​បុព្វ​បុរស​ខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុ​ជីវិត ក្នុងការ​បង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់​​ទុកមកដល់​កូនចៅជំនាន់ក្រោយ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបន្ថែមថា ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏មានតម្លៃ ដើម្បីចូលរួម​បំផុស​នូវមន​សិការ​ស្រឡាញ់សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀត​ ដែល​ជាដួង​ព្រលឹង​និងអត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរគ្រប់រូប ក្នុងគោលបំណងធានាឱ្យបាននូវ​ការ​អភិ​រក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយ​ជាតិស្តីពី​វិស័យ​​វប្ប​ធម៌ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕