(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកសាងប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធអន​ឡាញ ដែលហៅ «QIP Online» ដើម្បីកាត់បន្ថយភាពស្មុគស្មាញ បង្កភាពងាយស្រួល និងចំណេញ​ពេល​វេលាលើការងារចុះបញ្ជីគម្រោងវិនិយោគរបស់អ្នកវិនិយោគ។

កាលពីថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុ​ប្រ​ធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពនៃគម្រោង​ធ្វើទំនើបកម្ម​ប្រព័ន្ធ​ចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (Qualified Investment Project Online) នេះ។ កិច្ចប្រជុំនោះមានការចូលរួមពីអគ្គលេខាធិការ គណៈកម្មាធិការវិនិយោគកម្ពុជា អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងលោក លោកស្រីជាអគ្គលេខាធិការរង និងមន្ត្រី​បច្ចេកទេសជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពថ្មីៗ និងផ្តល់អនុសាសន៍ណែនាំនានា ដល់ក្រុមការងារ​បច្ចេក​ទេស​ឌីជីថលលើការងារធ្វើទំនើបកម្មប្រព័ន្ធ QIP Online ធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះធានា​បានបរិយាបន្ន និងអាចអនុវត្តបានលទ្ធផលល្អប្រសើរប្រកបដោយប្រសិទ្ធភាពខ្ពស់ ពេលដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

ប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP Online) គឺជាប្រព័ន្ធដែលអនុញ្ញាត​ឱ្យ​វិនិយោគិន អាចដាក់ពាក្យស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) របស់ខ្លួន ទៅ​កាន់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកាន់តែងាយស្រួល ឆាប់រហ័ស និងតម្លាភាព តាមរយៈប្រព័ន្ធ​អន​ឡាញ​។

គម្រោងធ្វើទំនើបកម្មប្រព័ន្ធ QIP Online នេះ ជាគម្រោងសំខាន់មួយ ជាចក្ខុវិស័យវែងឆ្ងាយ និងជាការ​យក​ចិត្ត​ទុកដាក់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីជំរុញចក្ខុវិស័យឌីជីថលូប​នី​យ​កម្ម​ក្នុងស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុវត្តស្របតាមអាទិភាពគន្លឹះរបស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ប្រព័ន្ធ QIP Online នឹងជួយសម្រួលដល់​ការ​ចុះបញ្ជីរបស់អ្នកវិនិយោគ កាត់បន្ថយភាពស្មុគស្មាញទាំងឡាយ និងមិនត្រូវឱ្យអ្នកវិនិយោគវេចឯក​សារទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះឡើយ គឺអាចធ្វើនៅគ្រប់ទីកន្លែងជាមួយប្រព័ន្ធនេះ។

លោកឧបនាយករដ្ឋមន្ត្រី រំពឹងថា ការរៀបចំប្រព័ន្ធចុះបញ្ជីគម្រោងវិនិយោគតាមអនឡាញនេះ នឹងរួមចំណែកទាក់ទាញអ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត៕