(ស្វីស)​៖​ លោក​បណ្ឌិត​ លី​ ធុជ​ ប្រធាន​អនុសញ្ញា​អូតាវ៉ា​ឆ្នាំ​២០២៤​ នាថ្ងៃទី០១​ ខែមីនា​ ឆ្នាំ​២០២៤​ បាន​អបានអញ្ជើញចូលរួមអបអរសាទរខួប ២៥​ឆ្នាំ​ នៃ​ការ​ចូល​ជា​ធរមាន​របស់​អនុសញ្ញា​ហាមការប្រេីប្រាស់មីនប្រឆាំងមនុស្ស​ (អនុសញ្ញា​អូតាវ៉ា​)​ ដែល​បានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ​ ទីក្រុងហ្សឺណែវ​ ប្រទេស​ស្វីស​។

លោក​បណ្ឌិត​ លី​ ធុជ​ បានថ្លែងថា​ សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥ នៃ​អនុសញ្ញា​អូតាវ៉ា​ប៉ុណ្ណោះទេ ប៉ុន្តែ​ គឺជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។

ក្នុង​នាមជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤​ លោក​បណ្ឌិត​ លី​ ធុជ​ បានថ្លែងអំណរគុណយាងជ្រាលជ្រៅជូនចំពោះដល់សម្តេចធិបតី​ ហ៊ន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់សម្តេច សម្រេចឱ្យបានពិភពលោកមួយដែលមិនមានការគំរាមកំហែង និងការរងគ្រោះដោយសារគ្រាប់មីន។

លោកបណ្ឌិត​ លី​ ធុជ​ បានលេីកឡេីងថា​ ថ្ងៃទី​០១​ ខែ​មីនា​ គឺជាទិវាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញអូតាវ៉ា។​ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន។ វា គឺជាពេលវេលាមួយដែលមនុស្សជាតិបានក្រោកឈរឡើងរួមគ្នាដើម្បីផ្តល់ក្តីសង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់។

លោកបណ្ឌិតបានបន្ថែម​ថា​៖​ «ខណៈពេលដែលយើងកំពុងឈររួបរួមគ្នានៅក្នុងឱកាសជាប្រវត្តិសាស្ត្រនេះ សូមយើងទាំងអស់គ្នារំលឹកឡើងវីញនូវស្មារតីអនុសញ្ញាអូតាវ៉ា និងធ្វើដំណើរបន្តក្នុងបេសកកម្មមនុស្សធម៌របស់យើង»៕