(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡា (ChansamoneChanyalath) ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំ ពាក់ព័ន្ធឆ្នាំ២០២៤, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២៤ ក្រោមមូលបទ «អាស៊ាន៖ រួមគ្នាដើម្បីសន្តិភាព សន្តិសុខ និងភាពធន់» នឹងផ្តោតកិច្ចពិភាក្សាលើការពង្រឹកតួនាទី ADMM ក្រោយឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខថ្មីៗ ទាំងក្នុងបច្ចុប្បន្ន និងអនាគត ដែលក្នុងនោះរួមមាន ការផ្លាស់ប្តូទស្សនស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ានជាមួយដៃគូ ខាងក្រៅការគិតគូលើការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការធ្វើឱ្យកាន់តែមានប្រសិទ្ធិភាពនូវកិច្ចសហប្រតិបត្តិការ ជាក់ស្តែងក្រោមយន្តការ ADMM និង ADMM-បូក ដែលមានស្រាប់។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងផ្លាស់ប្ដូរ ទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្ដីបារម្ភរួមផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងអនុម័ត «សេចក្ដីថ្លែងការណ៍រួម ស្ដីពីសមិទ្ធិផលនៃការអនុវត្តផែនការមេសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន ២០២៥ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន» (Joint Statement by the ASEAN Defence Ministers on ADMM's Accomplishments of the Implementation of ASEAN Political-Security Community Blueprint 2025)។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពារជាតិដែលផ្តល់ផលប្រយោជន៍រួម ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី៕