(ភ្នំពេញ)៖ ដោយបានទទួលការអនុញ្ញាតពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៤ ព្រមទាំងប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្ដិ ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣៧០នាក់។

ក្នុងនោះរួមមាន៖ ថ្នាក់វរសេនីយ៍ទោ ចំនួន០១នាក់, ថ្នាក់វរសេនីយ៍ត្រី ចំនួន០៦នាក់, ថ្នាក់អនុសេនីយ៍ឯក ចំនួន០៧នាក់, ថ្នាក់អនុសេនីយ៍ទោ ចំនួន១០៩នាក់, ថ្នាក់អនុសេនីយ៍ត្រី ចំនួន១៣នាក់, ថ្នាក់នាយចំណង់ ចំនួន៦៨នាក់, ថ្នាក់ព្រិន្ទបាលឯក ចំនួន២៣នាក់ និងថ្នាក់ព្រិន្ទបាលទោ ចំនួន០៦នាក់។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំនូវការសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលទទួលបានមុខតំណែង និងឋានន្ដរស័ក្ដិថ្មីនាពេលនេះ និងបានណែនាំឲ្យបន្តអនុវត្តភារកិច្ច និងបទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ពង្រឹងការងារសន្តិសុខសង្គមជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

លើសពីនេះ ត្រូវរួមគ្នាទប់ស្កាត់បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទបានកាន់តែប្រសើរ ជាពិសេស ។ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអាទិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្ត្រធានីភ្នំពេញ ហើយប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ដូច្នេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ត្រូវតែជៀសអោយឆ្ងាយ ពីគ្រឿងញៀនជាដាច់ខាត។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមទៀតថា ក្រោមវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលផ្តើមចេញពីការយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិ រហូតដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមទាំងស្រុង ធ្វើឲ្យប្រទេសជាតិមាន សន្ដិភាព និងការឯកភាពជាតិពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃ ដូច្នេះយើងត្រូវចងចាំជានិច្ច និងត្រូវ អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ នយោបាយឈ្នះឈ្នះ ដែលនាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញជូនដល់កម្ពុជា និងបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារប្តេជ្ញា បម្រើ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំវ័យក្មេងពោរពេញដោយសមត្ថភាព និងសក្តានុពលខ្ពស់ ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕