(ភ្នំពេញ)៖ បន្ទាប់ពីមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធគណនី TikTok ឈ្មោះ MRR RAM និងគណនី Facebook ឈ្មោះ Boy Thee ដែលបង្ហោះវីដេអូមិនពិតករណីដុតគ្រឿងញៀន ដោយព្រមានទុកពេល ២៤ម៉ោងឱ្យបុគ្គលឈ្មោះ សម្បត្តិ សំបូរ លុបវីដេអូចេញពី TikTok និង Facebook ឱ្យអស់ និងធ្វើការកែតម្រូវខ្លឹមសារពាក្យពេចន៍របស់ខ្លួនឡើងវិញនោះ, នៅរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤នេះ បុគ្គលរូបនេះ បានចេញមកបង្ហោះវីដេអូសុំទោស ចំពោះអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយមានការយល់ច្រឡំ អំពីករណីដុតបំផ្លាញគ្រឿងញៀននៅកម្ពុជា ។

បុគ្គល សម្បត្តិ សំបូរ បានលើកឡើងក្នុងវីដេអូសុំទោសថា ដោយសាររូបគេមិនបានទទួលព័ត៌មាន អំពីការដុតបំផ្លាញរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ទើបមានការយល់ច្រឡំថា មិនមានដុតបំផ្លាញគ្រឿងដែលរឹបអូសបានពីជនល្មើស តែការពិតតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញ គឺការដុតបំផ្លាញគ្រឿង ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។

បុគ្គលរូបបានបន្តថា ដោយសារវីដេអូមុនខ្លួនបាននិយាយប៉ះពាល់ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដូច្នេះរូបគេសូមការអភ័យទោស។

ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀន សូមកោតសរសើរដល់បុគ្គល សម្បត្តិ សំបូរ ដែលបានដឹងកំហុសឆ្គងរបស់ខ្លួន ចេញមុខមកសុំទោស ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធជាសារធារណៈ៕