(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តី​ នៅសាធារណរដ្ឋបារាំង រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង។

ដំណើរទស្សនកិច្ចនាពេលនេះ​ ធ្វើឡើងក្នុងគោលបំណងជំរុញលើកកម្ពស់ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិ និងទំនាក់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារំាងឱ្យកាន់តែជិតស្និទ្ធ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយដើម្បីពង្រឹងវិស័យការទូតសភាកម្ពុជាជាមួយសភានានានៅលើសកលលោក ជាពិសេសការលើកកម្ពស់សមភាពយេនឌ័រ គោលការណ៍ពហុភាគីនិយម ដើម្បីថែរក្សាការពារសុខសន្តិភាព ស្ថិរភាព និងវិបុលភាពសង្គមប្រកបដោយចីរភាព និងបរិយាបន្ន។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលប្រធានសភាស្រ្តីនាឆ្នាំ២០២៤ នេះ នឹងមានការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តីនៅទូទាំងពិភពលោក​ មកពីប្រទេសចំនួន២៥ប្រទេស សំដៅជំរុញបន្ថែមនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរពីបញ្ហាស្រ្តីនិងក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តីនៅទូទាំងពិភពលោក និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ សំខាន់ជាងនេះទៅទៀត សភាដើរតួនាទីនាំមុខ ក្នុង ការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ ចំនួនពីរ រួមមាន៖ (១) ការអប់រំប្រកបដោយសមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី (២)សមភាពនិងចំនួនស្មើគ្នារវាងស្ត្រីនិងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទីគម្រូរបស់ស្ត្រី។

ក្នុងកំឡុងទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងមានជំនួបសំខាន់ៗ ដែលក្នុងនោះមាន ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាបារាំង​ ប្រធានរដ្ឋសភាឥណ្ឌូនេស៊ី ប្រធានរដ្ឋសភា អាល្លឺម៉ង់​ ប្រធានរដ្ឋសភាប៊ែលហ្ស៊ីក និងប្រធានរដ្ឋសភាតង់ហ្សានី ព្រមទាំងចូលរួមពិធីសម្ពោធការតាំងពិព័រណ៍ ឧទ្ទិសដល់សិទ្ធិនយោបាយរបស់ស្រ្តីនៅលើពិភពលោក។ ក្រៅពីជំនួបពិភាក្សាការងារជាមួយប្រធានសភាជាស្រ្តី សម្តេចរដ្ឋសភាធិបតី ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូនៃសភានិយាយភាសាបារាំង(APF) ផងដែរ ដើម្បីជំរុញបន្ថែមវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង APF និងសភាកម្ពុជា។

ក្រៅពីនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជាក៏នឹងមានជំនួបដាច់ដោយឡែកជាមួយក្រុមមិត្តភាពសភាកម្ពុជា-បារាំង​ គណៈកម្មការសង្គមកិច្ចនៃរដ្ឋសភាបារាំង និងជំនួបរវាងអគ្គលេខាធិការ នៃរដ្ឋសភាកម្ពុជា​ និងរដ្ឋសភាបារាំងផងដែរ៕