(កំពង់ចាម)៖ គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជា​ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធវគ្គសិក្ខាលាសា ថ្នាក់ដឹកនាំ គណៈកម្មការគ្រីស្ទបរិស័ទប្រចាំខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកបណ្ឌិត សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដោយមានការចូលរួមពីព្រឹទ្ធបូជាចារ្យ ហេង ចេង ថ្នាក់ដឹកនាំជាន់ខ្ពស់គ្រីស្ទបរិស័ទ លោក នៅ បូរ៉ា អនុប្រធានយុវជនគ្រីស្ទបរិស័ទ ព្រមទាំងលោកព្រឹទ្ធបូជាចារ្យ ស ពលៈ និងលោក ប៉ា សុខា​ គ្រូគង្វាលរៀមច្បងនៃព្រះវិហារ​រាស្រ្តសន្យា។

ប្រធានបទដែលត្រូវលើកឡើងក្នុងវគ្គសិកាសាលានេះ បានធ្វើបទបង្ហាញគ្រីស្ទបរិស័ទក្នុងសម័យសន្តិភាព (ចក្ខុវិស័យពួកជំនុំ១០ឆ្នាំឆ្ពោះទៅមុខ) ភាពជាអ្នកដឹកនាំ សារៈសំខាន់នៃការចូលរួមពីក្រុមជំនុំតាមបណ្ដាព្រះវិហារគ្រីស្ទបរិស័ទនានា ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ និងសុខមាលភាពសហគមន៍។

ក្នុងនោះផងដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ គ្រូគង្វាល លោកគ្រូអ្នកគ្រូ ដែលមកពីតាមបណ្ដាពួកជំនុំជុំវិញខេត្តកំពង់ចាម សមាសភាពអ្នកចូលរួមចំនួន​៧០នាក់ និង​ថ្នាក់ដឹកនាំយុវជន មកពីបណ្តាព្រះវិហារនានាចំនួន៣០នាក់ ចំនួនសរុបនៃអ្នកចូលរួម១០០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះផងដែរ លោកបណ្ឌិត សៀ សុភ័ក្រ្ត បានមានប្រសាសន៍អំពីសារៈសំខាន់គ្រីស្ទបរិស័ទសម័យសន្តិភាព តម្រូវឲ្យអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំជាប្រចាំ ជាងនេះទៅទៀតចូលរួមរក្សាសន្តិភាពជាមួយនឹងរាជរដ្ឋាភិបាល និងមានផែនការច្បាស់លាស់ចំពោះការត្រាស់ហៅរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ដើម្បីចូលរួមចំណែកបម្រើសហគមន៍ដែលខ្លួនរស់នៅជាមួយនឹងអាជ្ញាធរមូលដ្ឋាន។ ក្នុងនាមគណៈកម្មការគ្រីសបរិស័ទកម្ពុជា អរគុណសន្តិភាព! បើគ្មានសន្តិភាព យើងទាំងអស់គ្នាគ្មានឱកាសជួបជុំ កុំថាឡើយសូម្បីតែឱកាសរៀនសូត្រសិក្សា។ គុណបំណាច់ទាំងនេះគឺជាការលះបង់សាច់ស្រស់ឈាមស្រស់របស់បិតាស្ថាបនិកសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រឹទ្ធបូជាចារ្យ គណៈកម្មការគ្រីស្ទបរិស័ទកម្ពុជាសូមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ប្រទានព្រះពរជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ព្រមទាំងបុត្រាបុត្រី សូមមានសុខភាពល្អបរិបូណ៌ ជន្មានអាយុយឺនយូរ ដើម្បីបំពេញបុព្វហេតុជូនជាតិមាតុភូមិនៃយើងកុំបីអាខានឡើយ៕