(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បានថ្លែងទៅកាន់សិក្ខាកាមនៅក្នុងថ្នាក់សិក្សាថា ការធ្វើជាអ្នកព័ត៌មានមុននឹងសរសេរអត្ថបទព័ត៌មានអ្វីមួយ ចំបាច់ណាស់ ត្រូវតែអានឲ្យយល់ពីសាច់រឿងនៃព័ត៌មាននោះជាមុនសិន បន្ថែមពីនេះក៏ត្រូវតែឈ្វេងយល់អំពីសាវតានៃរឿង ដើម្បីឲ្យការសរសេរអត្ថបទមានខ្លឹមសារ និងតម្លៃគ្រប់គ្រាន់សម្រាប់អ្នកអាន។

ការបញ្ជាក់របស់លោក ម៉ារ យ៉ារិទ្ធិ បែបនេះ បានធ្វើឡើងនៅក្នុងថ្នាក់សិក្សាពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤។ នេះជាវគ្គសរសេរព័ត៌មានជំនាន់ទី៦ ដែលរៀបចំឡើងដោយ FTC និងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធ ដែលមានបទពិសោធន៍ជាង៣០ឆ្នាំ។

ការយល់ពីសាច់រឿងព័ត៌មានជាផ្នែកមួយនៃការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ខណៈការយល់ពីសាវតានៃរឿងនេះ ក៏ជាផ្នែកមួយនៃការបំពេញចន្លោះខ្វះខាតនៃព័ត៌មាន សម្រាប់អ្នកអានថ្មី ឲ្យបានតាមទាន់នៃសាច់រឿងផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោក ម៉ារ យ៉ារិទ្ធិ។

សូមបញ្ជាក់ថា លោក ម៉ារ យ៉ារិទ្ធិ ជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិកផងដែរ៕