(បាភ្នំ-ព្រៃវែង)៖ នាព្រឹកថ្ងៃសៅរ៍ ទី ២ ខែមីនា ឆ្នាំ២០២៤ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង៥បន្ទប់ នៅសាលាបឋមសិក្សាទ្រា ស្ថិតនៅបរិវេណវត្តអង្គប្រសូត្រ ក្នុងឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសរុបចំនួនជាង១ពាន់នាក់។

ក្រោយពីមតិស្វាគមន៍និងរបាយការណ៍របស់លោក ស៊ិន ចក់ អភិបាលរងស្រុកបាភ្នំ រួចមក លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា  បានអញ្ជើញមានប្រសាសន៍នាឱកាសនោះ ដោយបានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានចំណាយថវិកាជួយសាងសង់អគារសិក្សានៅសាលាបឋមសិក្សាទ្រាដែលសម្ពោធនាថ្ងៃនេះ ដើម្បីបានជាប្រយោជន៍សម្រាប់ការសិក្សារបស់សិស្សានុសិស្ស ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍវិស័យសិក្សាអប់រំឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

លោកទេសរដ្ឋមន្រ្តី បានថ្លែងគូសបញ្ជាក់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកអប់រំសិក្សាធិការតួយ៉ាងដូចជាសាលារៀនដែលជាការរួមវិភាគទានដ៏ជ្រះថ្លារបស់សប្បុរសជននានាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការទ្រទ្រង់ផ្តល់ឱកាសដល់ការអប់រំសិក្សាធិការ ការបណ្តុះធនធានមនុស្ស សំដៅធានាកំណើនសេដ្ឋកិច្ច និងស្ថេរភាពសង្គមជាតិ។ ពិសេសរ៉ាប់រ៉ងការដោះស្រាយរាល់ផលប៉ះពាល់បង្កឡើងពីវិបត្តិសកលនានា ដែលបណ្តាលមកពីបញ្ហាសង្រ្គាម ការប្រែប្រួលអាកាសធាតុ ការប្រជែងភូមិសាស្រ្តនយោបាយ។ល។

ជាចុងក្រោយនៃមតិសំណេះសំណាល លោកទេសរដ្ឋមន្រ្តីប្រធានក្រុមការងារបានអំពាវនាវ
ជម្រុញលើកទឹកចិត្តដល់ប្រជាជននៅស្រុកបាភ្នំ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស សូមចូលរួមគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលបច្ចុប្បន្នក្រោមមគ្គុទេ្ទសភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជារដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបុព្វហេតុរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងសម្រាប់អនាគតរុងរឿងរបស់មាតុភូមិ និងប្រជាជនយើងគ្រប់ជំនាន់ជាដរាបតរៀងទៅ។

សូមជម្រាបថា អគារសិក្សាថ្មីមួយខ្នងមាន៥បន្ទប់ ដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ បានដឹកនាំកសាងដោយព្រះគ្រូចៅអធិការវត្តអង្គប្រសូត្រហោវត្តទ្រា ព្រះនាម ឡាយ វិត ដោយចំណាយទឹកប្រាក់សាងសង់ចំនួន៦៥.៣១០ដុល្លារ(ប្រាំមួយម៉ឺនប្រាំពាន់បីរយដប់ដុល្លារអាមេរិក)៕