(ម៉ែលប៊ន, អូស្ត្រាលី)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ និងនិស្សិតខ្មែររស់​នៅ និងសិក្សារៀនសូត្រក្នុងប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់រាប់រយ រាប់ពាន់នាក់ បានចេញមក​សម្តែងមតិជុំវិញដំណើរបំពេញបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងប្រទេសអូស្ត្រាលី។

ប្រជាពលរដ្ឋដែលបង្ហាញវត្តមានក្នុងពិធីសម្តែងមតិនោះ បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះវត្តមាន​សម្តេច​ធិបតី ក្នុងដំណើរ​អញ្ជើញចូលរួមកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អូស្ត្រាលី-អាស៊ាន ព្រោះជាការចូល​រួមតំណាងឱ្យប្រជាពលរដ្ឋខ្មែរ និងដើម្បីនាំប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសការកសាង​ទំនាក់​​ទំនងល្អរវាងខ្មែរ និងអូស្ត្រាលី ហើយនាំមកនូវប្រយោជន៍ផ្សេងៗសម្រាប់ពលរដ្ឋខ្មែរទាំងនៅ​អូស្ត្រាលី និងនៅកម្ពុជា។

បន្ថែមពីលើនេះ ពួកគេក៏បានសម្តែងការគាំទ្រចំពោះការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រីកម្ពុជារយៈពេលជាង៦ខែកន្លងមកនេះ បានខិតខំប្រឹងប្រែងខ្លាំង ដើម្បីជំរុញកំណើនសេដ្ឋ​កិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

នៅរសៀលថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នឹងផ្តល់កិត្តិយសជួបសំណេះ​សំណាល​ផ្ទាល់ជាមួយប្រជាពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។ តាមរយៈជំនួបសំណេះសំណាលនេះ បង្ហាញឱ្យឃើញពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរនៅអូស្ត្រាលី និងណូវែលហ្សេឡង់៕