(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា ក្រុងប៉ោយប៉ែត នឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ យើងនឹងភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តស្រះកែវ ប្រទេសថៃ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា «ខ្ញុំយល់ឃើញថា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ នេះនឹងក្លាយជាតំបន់សក្ដានុពលមួយ ដោយសារតែបច្ចុប្បន្ននេះ យើងមានតំបន់សេដ្ឋកិច្ចពិសេស, មានស្ទឹងបទ, រថភ្លើងតភ្ជាប់នៅក្រុងប៉ោយប៉ែត ដូច្នេះខ្ញុំជឿជាក់ថា នេះជាតំបន់មួយដ៏ល្អ ក្នុងការពង្រីកវិសាលភាព ទំនាក់ទំនងការធ្វើថៃបូកមួយ ដើម្បីកម្ពុជា និងថៃ»

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងឱកាសចុះទៅពិនិត្យ​ច្រក​​ស្ទឹងបត់ និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែត ដើម្បីជំរុញសកម្មភាពដឹក​ជញ្ជូន​​ឆ្លង​កាត់​ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿន និងស្តាប់បញ្ហារបស់អ្នក​វិនិយោគក្នុង​ក្រុង​ប៉ោយ​ប៉ែត ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន នាពេលថ្មីៗកន្លងទៅនេះ៕