(ភ្នំពេញ)៖ ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ស្របតាមស្មារតី អនុក្រឹតលេខ៖ ០៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌» ក្នុងគោលបំណងរំលឹកដល់ស្នាដៃ និងគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់។

គុណតម្លៃនៃវប្បធម៌ និងអរិយធម៌ដ៏ឧត្ដុង្គឧត្តមរបស់កម្ពុជា ពិតជាមានការទទួលស្គាល់ទូទាំងសាកលលោក ជាពិសេសសម្បត្តិវប្បធម៌រូបី និងអរូបីជាច្រើនរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់។ កិត្យានុភាព និងទិដ្ឋភាពដ៏អច្ឆរិយ ក្បូរក្បាច់រចនាដ៏ប្រណិតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា បានបង្ហាញពីសាវតាដ៏រឹងមាំ ភាពរីកចម្រើន ភាពចម្រុះនៃវប្បធម៌ អរិយធម៌ខ្មែររាប់ពាន់ឆ្នាំមកហើយ។

ទិវាវប្បធម៌នេះក៏បានបង្ហាញពីសិល្បៈវប្បធម៌ ប្រពៃណី អរិយធម៌ សាសនា សិល្បៈចម្លាក់ដ៏វិចិត្រ តន្រី្តបុរាណ ទស្សនវិជ្ជា ដែលជាមរតកដ៏រុងរឿងឆើតឆាយ ក៏ដូចជាបានបង្ហាញពីសកម្មភាពនៃការបំផុសនូវមនសិការស្រឡាញ់គាំពារ សម្បត្តិវប្បធម៌ ទំនៀមទម្លាប់ កេរដំណល ដល់យុវជនបន្តវេនឱ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកស្ទួយ អភិរក្សវប្បធម៌ជាតិឱ្យបានស្ថិតស្ថិរ គង់វង្ស រីកចម្រើនជានិច្ចនិរន្តរ៍៕

]