(សិង្ហបុរី)៖ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «បទល្មើសកាស៊ីណូ» ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ដោយផ្តោតទៅលើទិដ្ឋភាពទូទៅនៃកាស៊ីណូ បទប្បញ្ញត្តិនានា វិធីសាស្ត្រក្នុងការក្លែងបន្លំ ប្រភេទឧបករណ៍ប្រើប្រាស់ក្នុងការក្លែងបន្លំ វិធានការក្នុងការការពារ និងដកពិសោធន៍បន្ថែម នូវធាតុចូលអំពីបទល្មើសដែលធ្លាប់កើតមានក្នុងកាស៊ីណូនៅប្រទេសសិង្ហបុរី។

ក្នុងអំឡុងពេលអញ្ជើញមកប្រទេសសិង្ហបុរី លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ បានអញ្ជើញទស្សនា មជ្ឈមណ្ឌលប្រឆាំងការឆបោក (Anti-Scam Centre) និងបានស្តាប់បទបង្ហាញស្តីពីការបង្កើត មជ្ឈមណ្ឌលប្រឆាំងឆបោកនៅសិង្ហបុរី និងលទ្ធផលប្រតិបត្តិការកន្លងមក ព្រមទាំងបានចូលទស្សនាកាស៊ីណូ ក្នុងរមណីយដ្ឋានពិភពលោក Sentosa (RWS) ដោយមានមគ្គុទេ្ទសក៍របស់អាជ្ញាធរគ្រប់គ្រងល្បែងសិង្ហបុរី (GRA)។

ទន្ទឹមនេះដែរ កងកម្លាំងនគរបាលសិង្ហបុរី បានប្រារព្ធរៀបចំអាហារពេលល្ងាចស្វាគមន៍ ក្រោមវត្តមានរបស់លោក ហូង វៃ តេក (Hoong Wee Teck) អគ្គស្នងការ នៃកងកម្លាំងប៉ូលីសសិង្ហបុរី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានរៀបចំអាហារពេលថ្ងៃក្រោមវត្តមានរបស់លោក ហូវ ក្វាង វេ (How Kwang Hwee) អគ្គស្នងការរងទទួលដឹកនាំការងារព្រហ្មទណ្ឌ និងចារកម្ម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ការយកចិត្តទុកដាក់ខ្ពស់ និងបានបង្ហាញនូវអត្ថន័យកិច្ចសហប្រតិបត្តិការ និងមិត្តភាព៕