(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដែលមានអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាសេនាធិការ បានធ្វើការបណ្ដេញជនបរទេស ចំនួន៥១២លើក ស្មើនឹងជនល្មើសចំនួន២,១៥៩នាក់ ចេញពីប្រទេសកម្ពុជាវិញ ក្រោយពួកគេប្រព្រឹត្តអំពើល្មើសច្បាប់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ជនបរទេសដែលត្រូវបានបណ្ដេញចេញពីកម្ពុជា មានចំនួន៣៩សញ្ជាតិ ក្នុងនោះច្រើនជាងគេជនជាតិចិន១,០១១នាក់, ឥណ្ឌូនេស៊ី២៦៧នាក់, វៀតណាម៥០៧នាក់, ថៃ៦០នាក់, ឥណ្ឌា៧៧នាក់, ជប៉ុន៥៣នាក់, នីហ្សេរីយ៉ា៣៣នាក់, ម៉ាឡេស៊ី៣២នាក់,​តៃវ៉ាន់២៤នាក់,​កូរ៉េខាងត្បូង២០នាក់, ហ្វីលីពីន១៦នាក់, អាមេរិក១៤នាក់, អង់គ្លេស១៤នាក់ និង២៦សញ្ជាតិទៀត មានពី០១ ដល់០៨នាក់។

របាយការណ៍ដដែលបានអះអាងទៀតថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឆ្នាំ២០១៤ មកដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានបណ្តេញចេញជនបរទេសខុសច្បាប់ចំនួន ២៧,៧៣៨នាក់ មានចំនួន១០៧សញ្ជាតិ។

ដោយឡែក សម្រាប់ជនបរទេសដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនៅទូទាំងប្រទេសវិញ គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ សរុបចំនួន២,២៤៦នាក់ ស្រី២៥១នាក់ មាន៤៦សញ្ជាតិ (វៀតណាម៩៤៩នាក់, ចិន៧៩៦នាក់, ថៃ១២៧នាក់, តៃវ៉ាន់៦៩នាក់ និងនីហ្សេរីយ៉ា៥៧នាក់)៕