(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តស្នើ​ដល់តំណាងរបស់សហភាពអឺរ៉ុប ជួយជំរុញអ្នកវិនិយោគរបស់អឺរ៉ុបចូលមកកម្ពុជាបន្ថែមទៀត ខណៈ​បច្ចុ​ប្បន្នទំហំវិនិយោគរបស់អ្នកវិនិយោគពីអឺរ៉ុប នៅមានចំនួនតិចតួចនៅឡើយ។

សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៌ អាស៊ី និងប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) របស់សហភាពអឺរ៉ុប និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​ប្រចាំនៅ​កម្ពុជា និងសហការី នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបាន​គាំ​ទ្រ​លើការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប នៅមាន​កម្រិត​តិចតួចនៅឡើយ ស្ថិតក្នុង​រង្វង់​ទឹក​ប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី ៦២គម្រោង​វិនិយោគ​ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន។ ក្នុងស្ថានភាពបែបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីជំហររបស់​កម្ពុជា ស្វាគមន៍រាល់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើ​វិស័យមួយចំនួនផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាបានទទួលវិនិយោគិនរួចរាល់​ពី​ប្រទេស​នានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះ​កម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបតំណាងសហភាពអឺរ៉ុប អំពីផែនការអភិវឌ្ឍន៍ជាតិនានា​របស់​រដ្ឋា​ភិបាលដើម្បីគាំទ្រវិស័យឯកជនរួមមានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាព​អឺរ៉ុប អាចពិនិត្យលទ្ធភាពក្នុងការវិនិយោគ។

ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជាការប្រើ​ប្រាស់ជំនាញកម្រិតមធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់​យុវជនពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើនកម្រិតសមត្ថភាពការងារ។

លោក Peteris Ustubs បានឆ្លៀតឱកាសនេះអបអរសាទរដល់លទ្ធផលដ៏ល្អប្រសើរ​លើការអភិវឌ្ឍជាតិ​ដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក Peteris Ustubs បានលើកឡើងផងដែរអំពី​ទស្សន​កិច្ចទាក់ទាញវិនិយោគិនដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះ លោកបានលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បី​បង្ហាញ​ជូន​វិនិយោគិន។

លោក Peteris Ustubs ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្ដោត​លើគម្រោង​អភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា៕