(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន បានប្តេជ្ញាប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ បទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ដីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»

ការប្តេជ្ញាចិត្តរបស់នាយនិងពលទាហាទូទាំងកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារតាមព្រំដែនខ្មែរ-ថៃ ទិសប្រាសាទព្រះវិហារបែបនេះ ក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងដាក់ចេញទិសដៅបន្តឆ្នាំ២០២៤ របស់កងពលតូចអន្តរាគមន៍លេខ៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ មេបញ្ជាការវរសេនាតូចចំណុះទាំង៤ នាយទាហាន នាយទានហានរង ពលទាហាន ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីស្តាប់នូវការអានរបាយការណ៍បូកសរុបលទ្ធផលការងារជំនាញប្រចាំឆ្នាំ២០២៣ និងដាក់ចេញទិសដៅអនុវត្តន៍បន្តឆ្នាំ​២០២៤ ​របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧រួចមក​ ​ អង្គពិធីបានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ដោយបានលើកឡើងនូវ​ការងារប្រឈម​ បទពិសោធន៍ នៃការអនុវត្ត​ការងារកន្លងមក ស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ សំរាប់អនុវត្ត​ ទិសដៅបន្តរការងារក្នុងឆ្នាំ២០២៤ ឲ្យទទួលបានជោគជ័យ ។

នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ដួង សំនៀង បានប្រគល់លិខិតសរសើរជូនដល់នាយទាហានដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក សរុបចំនួន ១៥ នាក់។

ឧត្តមសេនីយ៍ទោ ដួង សំ នៀង បានថ្លែងនិងដាក់បទបញ្ជាដល់ នាយទាហាន នាយទាហានរង ពលទាហាន ត្រូវខិតខំលើការងារកសាង ការងារបង្កបង្កើនផល ការងារពង្រឹងប្រៀបការពារជាតិ ការងារគ្រប់គ្រងកម្លាំង ការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស(ការគ្រប់គ្រងអាវុធគ្រាប់ គ្រឿងចក្រ) ដល់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ។

ឧត្តមសេនីយ៍ទោមេបញ្ជាការ ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកាងារគ្រប់កងឯកភាព ដែលបានសហការគ្នាបានល្អ ខិតខំយកចិត្តទុកដាក់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព​តាមបទបញ្ជារបស់ថ្នាក់លើ។ លោកក៏បានណែនាំដល់នាយទាហា​ន​ នាយទាហានរង​ ពលទាហាន​ ត្រូវចូលរួមអនុវត្តន៍​កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល​ ក្រសួងការពារជាតិអគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចេញ និងចូលរួមពង្រឹងខឿនការពារជាតិ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តកិច្ចខិតខំបំពេញភារកិច្ច ដ៏ឧត្តុង្គឧត្តមនេះ ឲ្យទទួលបានជោគជ័យថែមទៀត សំដៅរួមចំណែកបង្កើនល្បឿនដល់កំណែទម្រង់កងយោធពខេមរភូមិន្ទ ឲ្យកាន់តែទំនើបរៀបរយ មានប្រសិទ្ធភាព​ និងត្រូវខិតខំចូលរួម ការអនុវត្តផែនការកំណែទម្រង់កងទ័ពជើងគោក​ នៅតែបន្តទៅមុខ និងមិនដកថយឡើយ ទោះបីជាប្រឈមទៅនឹងបញ្ហាលំបាកមួយចំនួនយ៉ាងណាក្តី។

កងពលតូចអន្តរាគមន៍លេខ៧ ក៏បានបេជ្ញាគាំទ្រយ៉ាងពេញទំហឹងនូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី «ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»