(ពោធិ៍សាត់)៖ ក្រោមកិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដៃគូអភិវឌ្ឍន៍ ចុះពិនិត្យទីតាំងជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឈានទៅអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹក ដោយវិធានការចម្រុះ (IWRM)ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។

លោករដ្ឋលេខាធិការ មានប្រសាសន៍ឱ្យដឹងថា បេសកកម្មនាពេលនេះ មានការចូលរួមពីអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Ryutaro Takaku ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី លោកស្រី Bo Zhang ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងសហការី លោកអភិបាលរងខេត្តពោធិ៍សាត់ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនៃសាលាខេត្តពោធិ៍សាត់ លោកអភិបាល អភិបាលរងស្រុក រួមជាមួយលោកមេឃុំពាក់ព័ន្ធទាំងអស់ ព្រមទាំងសហការីជាតិ-អន្តរជាតិ មកពីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង (PMU) របស់ក្រសួងធនធានទឹក និងឧតុនិយម។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះបេសកកម្មរបស់គណៈប្រតិភូ ក្នុងខេត្តពោធិ៍សាត់បានធ្វើសកម្មភាពសំខាន់ចំនួនពីរគឺ៖

ទី១-ប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង IWRM នាពេលដ៏ខ្លីខាងមុខនេះ និងធ្វើការផ្សព្វផ្សាយស្តីពីការដោះស្រោយផលប៉ះពាល់ដែលកើតឡើងដោយសារគម្រោង និងបណ្តានីតិវិធីដទៃទៀតដែលធានាដល់ការអនុវត្តគម្រោងទទួលបានជោគជ័យ។
និងទី២-ចុះពិនិត្យជាក់ស្តែងលើតំបន់អនុវត្តន៍គម្រោងក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង៕